សម្តេចធិ​បតីដាក់ចេញយុទ្ធសាស្ត្រ៥​ចំណុចដើម្បីអភិវឌ្ឍមូលធ​នមនុស្សកម្ពុជា

 ប្រសាសន៍សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនយើងត្រូវកាត់បន្ថយការឈឺនិងស្លាប់ដែលបណ្តាលមកពីជំងឺផ្សេងៗ ជាពិសេសពីជំងឺមិនឆ្លងនានានិងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតាទារកនិងកុមារ។សម្តេចធិបតីបានថ្លែងបន្តថា ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជារាជរដ្ឋាភិបាលបានផ្តោតជាអទិភាពលើកត្តាចំនួន៥ដូចជា៖

១- ការបង្កើនគុណភាពសិក្សាអប់រំកីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

២- ការបង្កើនជំនាញ បច្ចេកទេស និងការបណ្តុះបណ្តាល

៣- ការលើកកម្ពស់សុខភាព និងសុខុមាលភាព

៤- ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធអាហាររូបត្ថម្ភ

៥- ការពង្រឹងគុណភាពប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថាដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រ សើរថែមទៀតនោះ គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។ រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យ បានកាន់តែច្រើន និងប្រសើរថែមទៀត។សម្ដេចមហាបវរធិបតីបានបន្តថាការពង្រីកពេទ្យតំបន់ទី១៖គឺធ្វើទំនើបកម្មដោយបំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យទី២ បង្កើនគ្រូពេទ្យជំនាញដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូងព្យាបាលមហារីកនិងវះកាត់ព្យាបាលខួរក្បាលជាដើម។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលលោកបានចាត់ទុកបញ្ហាសុខភាពមនុស្សគឺជាគោលដៅចម្បងដែលអាចឱ្យយើងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពដោយសម្តេចបានគូសបញ្ជាក់ថាការអភិវឌ្ឍចំពោះវិស័យសុខាភិបាលនេះគឺសំខាន់ខ្លាំងណាស់ ដោយត្រូវរៀបចំ ធ្វើការបណ្តុះបណ្តាលទាំងធនធានមនុស្ស គ្រឿងបំពាក់ ហើយជាពិសេសគឺសមត្ថភាពរបស់មន្ទីរពេទ្យផ្ទាល់តែម្តង។សម្តេចធិបតីបានគូសបញ្ជាក់ថាជាច្រើនឆ្នាំណាស់មកហើយរាជរដ្ឋាភិបាលបានខិតខំនៅក្នុងការអភិវឌ្ឍបង្កើនសមត្ថភាពក្រុមគ្រូពេទ្យ។ជាពិសេសពេទ្យថ្នាក់ជាតិ ដោយបង្កើនសមត្ថភាពក្នុងការព្យាបាលបំពាក់ឧបករណ៍ទំនើប និងធ្វើការបណ្តុះបណ្តាលពេទ្យបានច្រើននៅក្នុងការជួយព្យាបាលជំងឺកម្រិតធ្ងន់ និងស្មុគស្មាញមាន ជំងឺមហារីក និងជំងឺបេះដូងជាដើម ដែលជំងឺបេះដូងនេះក្រុមគ្រូពេទ្យរបស់យើងអាចធ្វើការវះកាត់បានដោយជោគជ័យជាច្រើនករណី ។ចំពោះការវះកាត់ផ្នែកខួរក្បាល ត្រចៀក ភ្នែក បំពង់កវិញក៏ដូចគ្នាដែលទាំងនេះគឺជាការលើកស្ទួយចំពោះសុខ ភាពរបស់ប្រជាពលរដ្ឋយើងតាមរយៈការពង្រឹងវិស័យសុខាភិបាល ហើយក៏បានបើកឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា«ការពង្រឹងសុខភាពរបស់ប្រជាពលរដ្ឋគឺត្រូវតែពង្រឹងពេទ្យអ្វីជាការសំខាន់គឺការពង្រឹងសមត្ថភាពនិងការពង្រីកលើវិសាលភាព ដោយយើងមិនត្រូវតែពង្រឹងតែមួយមុខទេ គឺយើងត្រូវតែពង្រីកនូវវិសាលភាពឱ្យដល់កៀកទៅនឹងប្រជាពលរដ្ឋ ដែលនេះគឺជាអភិក្រមក្នុងការពង្រីកនូវសមត្ថភាពក្នុងការព្យាបាល ដោយពង្រីកទាំងសមត្ថភាពនៅនឹងកន្លែងនិងពង្រីកសមត្ថភាពឱ្យទៅដល់មូលដ្ឋានដោយមិនអាចឱ្យប្រមូលផ្តុំនៅត្រឹមតែរាជធានីភ្នំពេញបាននោះទេ»៕

Powered by Blogger.