សម្ដេចតេ​ជោទទួលជួបពិភាក្សាការ​ងារជាមួយលោ​កវ៉ាង យី

 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជានារសៀល ថ្ងៃចន្ទ  ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យី (WangYi)សមាជិកការិយាល័យនយោបាយនិងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ លោករដ្ឋមន្ត្រីការបរទេសដោយសម្ដេចបានចាត់ទុកថាលោកជាមិត្តចាស់របស់សម្ដេច ដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថាកាលពីខែ សីហាកន្លងទៅនេះ លោក វ៉ាង យី ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ផងដែរ។ ដែលរហូតមកដល់ពេលនេះមិនដល់រយៈពេលមួយឆ្នាំផង ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា លោកមកកាន់កម្ពុជានាពេលនេះក្រោយពេលនៃការផ្លាស់ប្ដូរមកអ្នកបន្តវេនជំនាន់ក្រោយ ដែលពេលនេះអ្វីៗគឺដំណើរការទៅដោយរលូន ទាំងស្ថេរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្ដេចតេជោក៏បានអរគុណលោក វ៉ាង យី ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ 

លោកវ៉ាងយីបានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជាដែលបានទទួលលោកយ៉ាងកក់ក្តៅជាទីបំផុត។ លោកក៏បានជម្រាបជូនសម្ដេចតេជោអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា។ជាពិសេសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះកាលពីព្រឹកមិញ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសយើងទាំងពីរក៏ដូចជាបក្សទាំងពីរ គឺយើងបានឈានដល់ដំណាក់កាលថ្មីមួយទៀត។ លោកបានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មី ដោយភាពរលូន។ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រីការបរទេសចិនក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស៊ី ជិនពីង  ប្រធានាធិបតីចិន ពីលោកនាយករដ្ឋមន្ត្រីចិន លី ឈាង ពីប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំចិនដទៃទៀត។ លោកក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលកន្លងទៅថ្មីៗនេះ ហើយអបអរសាទរចំពោះសម្តេចតេជោដែលក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះផងដែរ។ 

លោកវ៉ាង យី សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី នឹងបន្តតួនាទី ក៏ដូចជា ទំនាក់ទំនងល្អជាមួយចិនដែលថ្នាក់ដឹកនាំមុនៗបានថែរក្សានិងពូនជ្រុំនាពេលកន្លងមក។លោកវ៉ាងយីក៏បានកោតសរសើរចំពោះភាពរីកលូតលាស់យ៉ាងលឿននៃទីក្រុងភ្នំពេញដែលក្នុងរយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ។ លោកបានបញ្ជាក់ថាអ្វីៗដែលកើតមានឡើងនេះគឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយដែលមានចក្ខុវិស័យច្បាស់លាស់។ 

លោកបន្តទៀតថា ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ លោកបានមានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយលោកសង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដគួរឲ្យទុកចិត្ត របស់កម្ពុជា។លោកបានសន្យាថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីគាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មានប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមកដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។សម្ដេចតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានអំណរគុណចំពោះឯកឧត្តមវ៉ាងយីដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន។សម្ដេចក៏បានមានប្រសាសន៍ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ៕


Powered by Blogger.