កម្ពុជា​-​​ចិន​បេ្តជ្ញា​ជំរុញ​ការ​ពិគ្រោះ​យោ​បល់​លើ​ក្រម​ប្រតិបត្តិ​នៅ​​សមុទ្រ​ចិន​ខាងត្បូង​

កម្ពុជា​និង​ចិន​បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​យ៉ាង​ពេញលេញ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​នូវ​សេចក្តីថ្លែង​ការណ៍​ស្តីពី​ប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ជំរុញ​ការ​ពិគ្រោះ​យោបល់​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​សម្រាប់​ការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​នៅ​កម្ពុជា​ពី​ថ្ងៃអាទិត្យ​ដល់​ថ្ងៃអង្គារ​។​នេះបើតាមចេញផ្សាយ ​G​l​ob​a​l​ ​Time​s។

រដ្ឋមន្ត្រីការបរទេស​ចិន​ ​លោក​ ​Wan​g​ ​Y​i​ ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​ ​ដោយ​ក្នុង​ឱកាស​នោះ​ ​លោក​បាន​ចូល​គាល់​ព្រះករុណា​ ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​សម្តេច​ហ៊ុន​ ​សែន​ ​ប្រធាន​ព្រឹទ្ធសភា​ ​សម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​និង​បាន​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៧​ ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​ ​ជាមួយ​លោក​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​។​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​ ​ចិន​និង​កម្ពុជា​ជា​មិត្ត​ដែកថែប​ដែល​តែងតែ​គាំទ្រ​គ្នា​ ​និង​ជួយគ្នា​ក្នុង​គ្រា​លំបាក​។​ ​ក្រោម​ការ​ចង្អុលបង្ហាញ​ជា​យុទ្ធសាស្ត្រ​របស់​មេ​ដឹក​នៃ​ប្រទេស​ទាំងពីរ​ ​ភាគី​ទាំងពីរ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​ចិន​-​កម្ពុជា​ដែលមានជោគវាសនា​រួមគ្នា​ប្រកបដោយ​ភាព​ស៊ី​ជម្រៅ​ ​និង​ជាក់ស្តែង​។​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពង្រឹង​នូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​ ​និង​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ជា​វិជ្ជមាន​ក្នុង​ការ​កសាង​ “​ច្រក​របៀង​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​” ​និង​ “​ច្រក​របៀង​ត្រី​ ​និង​អង្ករ​” ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជាតិ​ទាំងពីរ​។​ភាគី​ចិន​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​គាំទ្រ​ចំពោះ​ជម្រើស​របស់​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​ ​និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ ​សន្តិសុខ​ ​និង​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​។​ ​ចិន​ក៏បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​ភាគី​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោល​នយោបាយ​ចិន​តែមួយ​ ​និង​ទទួលស្គាល់​ថា​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​គឺជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែមួយ​គត់​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំងមូល​ ​ហើយ​កោះ​តៃ​វ៉ាន់​គឺជា​ផ្នែក​ដែល​មិន​អាច​កាត់ផ្តាច់​បាន​ពី​ប្រទេស​ចិន​។​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោល​នយោបាយ​ចិន​តែមួយ​ ​ដោយ​បន្ថែម​ថា​ ​កម្ពុជា​ប្រឆាំង​រាល់​ការប៉ុនប៉ង​ប្រើប្រាស់​បញ្ហា​នានា​របស់​តៃ​វ៉ាន់​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​ “​ឯករាជ្យ​ភាព​របស់​តៃ​វ៉ាន់​” ​គាំទ្រ​យ៉ាង​មុតមាំ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ ​ដើម្បី​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ​និង​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃ​វ៉ាន់​នោះ​ទេ​។​ភាគី​ទាំងពីរ​បាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ ​បន្ត​ធ្វើ​សម​យុទ្ធ​ ​និង​ការ​ហ្វឹកហ្វឺន​រួមគ្នា​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ដូចជា​ ​សេវា​សុខាភិបាល​ ​និង​ភស្តុភារ​កម្ម​ ​ការ​បណ្តុះបណ្តាល​បុគ្គលិក​ ​ការ​បោស​ស​ម្អា​ត​មីន​ ​ព្រមទាំង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​ដូចជា​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ​ការ​ក្លែង​បន្លំ​តាម​ទូរគមនាគមន៍​ ​និង​ការ​ជួញ​ដូរ​គ្រឿងញៀន​។​ភាគី​ទាំង​ពី​​​រ​ក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​ប​ន្ស៊ី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​ ​១​អោយ​កាន់តែ​ស៊ី​ជម្រៅ​ ​ពន្លឿន​ការ​បង្កើត​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​ជំរុញ​ការ​រៀបចំផែនការ​គោល​ ​និង​ការរៀបចំ​ផ្លូវដែក​កម្ពុជា​-​ចិន​ ​និង​មជ្ឈមណ្ឌល​ធ្វើ​និទស្សន៍​កសិកម្ម​ចិន​ ​និង​គម្រោង​ប្រមូល​ផល​ដើមដៃ​ផ្សេងទៀត​នៃ​ច្រក​របៀង​ត្រី​ ​និង​អង្ករ​។​ភាគី​ទាំងពីរ​នឹង​ធ្វើការ​ធានា​អោយ​បាន​នូវ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កម្ពុជា​ ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ជំរុញ​ការនាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ​និង​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​អោយ​កាន់តែ​ច្រើន​។​​ភាគី​ទាំង​ពី​​​រ​ក៏បាន​ឯកភាព​ឆ្លៀត​ក្នុង​ការ​ចាប់​យក​កាលានុវត្ត​ភាព​នៃ​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន​ចិន​-​កម្ពុជា​ឆ្នាំ​ ​២​០​២​៤​ ​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ទេសចរណ៍​ ​ជើង​ហោះហើរ​ទ្វេ​ទិស​ ​និង​ដាក់​ចេញ​បន្ថែម​នូវ​ការផ្លាស់ប្តូរ​រវាង​យុវជន​ ​ប្រជាជន​មូលដ្ឋាន​ ​និង​ក្រុម​មិត្តភាព​។​​កម្ពុជា​នឹង​គាំទ្រ​ដល់​កា​របើក​ដំណើរការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ​កម្ពុជា​។​ជាមួយគ្នា​នេះ​ ​ភាគី​ទាំងពីរ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​ ​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល​ ​និង​គំនិត​ផ្តួចផ្តើម​អារ្យធម៌​សកល​ ​ព្រមទាំង​បង្កើន​ការ​សម្របសម្រួល​ ​និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ដូចជា​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ​និង​កិច្ច​សហប្រតិបត្តិការ​ចិន​-​អា​ស៊ាន​។​ភាគី​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ការពារ​សន្តិភាព​ ​និង​ស្ថិរភាព​ដែល​រក​បាន​ដោយ​លំបាក​ ​ហើយ​ជំរុញ​ការ​អភិវឌ្ឍន៍​ ​និង​វិបុលភាព​ក្នុង​តំបន់​៕

Powered by Blogger.