ប្រាក់រៀលខ្មែរត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុនTravelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូប្រទេសជប៉ុន។នេះបើតាមដឹងពីAKP។
|
|
ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុនTravelexនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក គីមទី កោមលី អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង លោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះនឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឱ្យមានកន្លែងប្ដូរយកប្រាក់រៀលបានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។សំខាន់ជាងនេះទៀតវត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្តនិងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយកម្រិតពិភពលោក។នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។គួរបញ្ជាក់ថានេះជាលើកទីពីរហើយដែលធនាគារជាតិនៃកម្ពុជាបានសហការជាមួយក្រុមហ៊ុនTravelexក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។ក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់ធំលំដាប់អន្តរជាតិបានបង្កើតនៅឆ្នាំ១៩៧៦ មានការិយាល័យកណ្តាល នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ បច្ចុប្បន្នក្រុមហ៊ុន Travelex មានទីតាំងអាជីវកម្មនៅប្រទេសចំនួន២០ និងមានបញ្ជរប្តូរប្រាក់ចំនួន១.១០០កន្លែងនៅក្នុងអាកាសយនដ្ឋានអន្តរជាតិធំៗ ផ្សារទំនើប និងអគារពាណិជ្ជកម្មល្បីៗជាច្រើនកន្លែងលើពិភពលោក៕
Post a Comment