រុស្ស៊ីនឹង​បោះទុន២​៥ពាន់លាន​ដុល្លារដើម្បីបង្កើតផ្លូវដឹក​ជញ្ជូនថ្មីមកកាន់​អាស៊ី

រុស្ស៊ីគ្រោងសាងសង់ច្រករបៀងដឹកជញ្ជូនថ្មីចំនួន២ដើម្បីតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុបក្នុងគោលដៅកាត់បន្ថយឥទ្ធិពលនៃទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចខណៈភាពចលាចលនៅតំបន់មជ្ឈិមបូព៌ាកំពុងរំខានដល់ចរាចរណ៍ពាណិជ្ជកម្មពិភពលោក។នេះបើតាមការចេញផ្សាយCNBC។

គម្រោងសាងសង់បណ្តាញដឹកជញ្ជូនតាមរយៈផ្លូវទឹក និងផ្លូវដែក របស់រុស្ស៊ីដោយឆ្លងកាត់តាមរយៈប្រទេសអ៊ីរ៉ង់និងផ្លូវកាត់សមុទ្រអាកទិក អាចពង្រឹងការនាំចេញរបស់ទីក្រុងម៉ូស្គូឆ្ពោះទៅកាន់ប្រទេសមហាអំណាចនៅតំបន់អាស៊ីដូចជាប្រទេសចិននិងឥណ្ឌាដើម្បីធ្វើពិពិធកម្មចេញពីតំបន់អឺរ៉ុប។ប្រទេសមហាអំណាចចិននិងឥណ្ឌាមានសក្តានុពលក្នុងការធ្វើឱ្យរុស្ស៊ីក្លាយជាចំណុចស្នូលដ៏សំខាន់នៃពាណិជ្ជកម្មអន្តរជាតិបើទោះបីជាសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តកំពុងព្យាយាមដាក់ប្រធានាធិបតីរុស្ស៊ី លោកVladimirPutinឲ្យនៅឯកោយ៉ាងណាក្តី។គម្រោងផ្លូវដឹកជញ្ជូនថ្មីរបស់រុស្ស៊ីអាចកាត់បន្ថយពេលវេលាធ្វើដំណើរចាប់ពី៣០%ទៅ៥០% បើប្រៀបធៀបទៅនឹងព្រែកជីកSuez និងជៀសវាងបញ្ហាសន្តិសុខ ដោយសារក្រុមឧទ្ទាមHouthiបានបើកការវាយប្រហារទៅលើកប៉ាល់ដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមក្នុងគោលដៅសងសឹកចំពោះប្រទេសអ៊ីស្រាអែលដែលបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ជាមួយគ្នានេះការវាយប្រហារដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់ សំដៅទៅលើអ៊ីស្រាអែល បានបន្ថែមភាពចលាចល នៅក្នុង តំបន់មជ្ឈឹមបូព៌ាថែមមួយកម្រិតទៀត។ប្រទេសរុស្ស៊ីកំពុងរៀបចំបោះទុនវិនិយោគជាង២៥ពាន់លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកដឹកជញ្ជូនឆ្លងកាត់តាមរយៈប្រទេសអ៊ីរ៉ង់និងកែលម្អគ្រឿងបរិក្ខារផ្សេងៗនៅតាមបណ្តោយច្រាំងសមុទ្រអាកទិករបស់ប្រទេសរុស្ស៊ី។កាសែត Izvestia បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិដែលមិនស្គាល់អត្តសញ្ញាណមួយរូបថាប្រទេសរុស្ស៊ីក៏មានគម្រោងល្បាតផ្លូវសមុទ្រខាងជើង(NSR)ដោយប្រើប្រាស់បណ្តាញមូលដ្ឋានយន្តហោះគ្មានមនុស្សបើករបស់ខ្លួនទៀតផង៕


Powered by Blogger.