ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥នៅថ្ងៃទី៣ ខែមេសានេះក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។សម្តេចហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាដោយទទួលបានសំឡេងគាំទ្រ៦២លើ៦២សំឡេង។
|
|
សម្ដេចតេជោ ហ៊ុនសែនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងអស់ពីដួងចិត្តចំពោះសមាជិក សមាជិការដ្ឋសភាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំង៨ដែលភាគច្រើនលើសលប់បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៥ខែកុម្ភៈកន្លងទៅ។សម្តេចហ៊ុនសែនបានថ្លែងនៅពេលឡើងអង្គុយលើកៅអីប្រធានព្រឹទ្ធសភាថាស្ថាប័នកំពូលមួយនេះនឹងដើរតួនាទីនយោបាយដ៏សំខាន់ក្នុងការសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាលដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមានជាយថាហេតុ។ តែសម្តេចតេជោមិនភ្លេចរម្លឹកឡើងវិញនូវកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដែល លោក ជា ស៊ីម បានដឹកនាំស្ថាប័នព្រឹទ្ធសភានៅឆ្នាំ១៩៩៩ ខណៈសម្តេចក្រុមព្រះធ្វើជាប្រធានរដ្ឋសភាដែលជាការសម្របសម្រួលដោះស្រាយការជាប់គាំងនយោបាយនាពេលនោះ។ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលទើបជាប់ឆ្នោតថ្មីសម្តេចហ៊ុនសែនបានប្តេជ្ញាចិត្តដឹកនាំស្ថាប័នមួយនេះដោយមានការទទួលខុសត្រូវខ្ពស់និងអះអាងពីការការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ ដោយឡែកព្រះមហាក្សត្របានមានព្រះបន្ទូលថាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ។ គួររម្លឹកឡើងវិញថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈក្នុងចំណោមអសនៈទាំង ៦២ ដែលនៅក្នុងព្រឹទ្ធសភា។ ចំណែកសមាជិកព្រឹទ្ធសភាចំនួន ៤រូបដែលនៅសេសសល់ពីការបោះឆ្នោតមាន២រូបជ្រើសតាំងដោយព្រះមហាក្សត្រគឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោហើយ២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា គឺលោក សុខ ឥសាន និងលោក ហេង ហាលីម។ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួននិងក្នុងការចូលរួមជាមួយរដ្ឋសភានិងរាជរដ្ឋាភិបាលដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។សម្តេចតេជោ ហ៊ុន សែន រំលឹកថា៥៤ឆ្នាំមុនរៀបចំចូលព្រៃតស៊ូពេលនេះមកដឹកនាំព្រឹទ្ធសភាអាយុ៣២ឆ្នាំក្លាយជានាយករដ្ឋមន្ត្រីអាយុ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភានៅពេលនេះ៕
|
|
Post a Comment