ឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ក្នុងខេត្តកំពង់ស្ពឺបានកើតឡើង នារសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤ដោយបានបណ្តាលឱ្យយោធិនចំនួន២០នាក់បានពលីជីវិតនិងយោធិនមួយចំនួនទៀតបានរបួស។នេះបើតាមការចុះផ្សាយKhmer Times។
|
រូបភាព៖CNC/Khmer Times |
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនម៉ាណែតបានសរសេលើហ្វេសប៊ុករបស់សម្តេចនាយប់ថ្ងៃទី២៧ ខែមេសាដោយបានបង្ហាញក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺនេះ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។សម្តេចបានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលីនិងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។សម្តេចហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ «ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ»។ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់សម្តេចហ៊ុនម៉ាណែតដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុងលើការចំណាយរៀបចំពិធីបុណ្យសពនេះ។ជាមួយគ្នានេះដែរសម្តេចហ៊ុន ម៉ាណែត ក៏បានប្រកាសផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលីចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន២០លានរៀល។យោងតាមរបាយការណ៍របស់កងទ័ពជើងគោកយោធភូមិភាគទី៣បានឱ្យដឹងថាករណីផ្ទុះឃ្លាំងស្តុកគ្រាប់បានកើតឡើងនៅវេលាម៉ោង១៤.២៥នាទីនៅទីតាំងឃ្លាំងគ្រាប់បច្ចេកទេសយោធភូមិភាគទី៣។របាយការណ៍បានបន្តថា ការផ្ទុះនេះបានបណ្តាលឱ្យមានការខូចខាតបឋមរួមមាន៖មនុស្សចំនួន ២០នាក់(អាចស្លាប់ទាំងអស់) ក្នុងនោះមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគចំនួន៥នាក់។ចំពោះអាវុធ-គ្រាប់មកពីខេត្តកោះកុងមាន រថយន្ត៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធគ្រាប់នៅលើរថយន្ត,រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង៣គ្រឿងទៀតមិនទាន់បានដាក់អាវុធគ្រាប់ចុះ)។ចំណែកអគារខូចខាតធ្ងន់ធ្ងរ ចំនួន៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ១ ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគខូចខាតផ្នែកខាងក្រៅរួមមានទ្វាបង្អួចនិងដំបូល)។ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគចំនួន ២៥ខ្នងៗផងដែរ៕
Post a Comment