សម្តេច​ធិបតីប្តេជ្ញាសហ​ការជាមួយរដ្ឋជាសមា​ជិកអាស៊ា​នដើម្បីកសា​ងសហគ​មន៍សេដ្ឋកិច្ច

កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជននិងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២៤នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាក្នុងរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីបើក«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៤»ក្រោមមូលបទ«បញ្ចេញសក្តានុពលអាស៊ាន៖ការតភ្ជាប់បច្ចេកវិទ្យានិងកំណើនប្រកបដោយបរិយាប័ន្ន»។ក្នុងឱកាសដ៏វិសេសវិសាល សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូជាតិនិងអន្តរជាតិដែលបានអញ្ជើញមកកាន់កម្ពុជាធ្វើការពិភាក្សាក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន»ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមាន​មហិច្ឆតាដើម្បីពង្រឹងភាពជាដៃគូក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យានិងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាពនិងសមធម៌ ។ លើសពីនេះ វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ចនិងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាននិងដៃគូសកល និងជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។សម្តេចធិបតីបានបន្តទៀតថាកម្ពុជាគឺជាដៃគូដ៏រស់រវើកនិងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន ។ជាមួយទីតាំងប្រក​បដោយឧត្តមភាព និងយុទ្ធសាស្ត្ររបស់កម្ពុជាផ្តល់នូវការតភ្ជាប់ដោយរលូននិងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃ​កិច្ចសហការដែលផ្តោតលើការផ្តល់ផលប្រយោ​ជន៍ទៅវិញទៅ​មក និងសុខុមាលភាពរួម នៅទូទាំងតំបន់ ។ទន្ទឹមនេះ សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជាក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ​ នៅក្នុងទីផ្សារសកលដែលពោរពេញដោយ​ជវភាព។ផលិតផលដែល ​«ផលិតនៅកម្ពុជា» ដូចជាសម្លៀកបំពាក់ និងកង់ មានការ​ទទួលស្គាល់នៅទូទាំងសកលលោកនាបច្ចុប្បន្ន ដោយសារគុណភាព និងតម្លៃ​ដែលមាន​ភាពប្រកួតប្រជែង ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីវត្តមានកាន់តែខ្លាំងឡើង​របស់កម្ពុជា នៅលើ​ទីផ្សារសកល ។ លើសពីនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមាន​ភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្រប្រទេស​បូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែល​ប្រើ​បច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេចទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ព្រមទាំងបានអនុម័ត ច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្រ្ត ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើនដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ ។សម្តេចធិបតី ហ៊ុន ម៉ាណែតលើកឡើងថា កម្ពុជាក៏បាន និង ​កំពុង​ធ្វើការវិនិយោគ ជា​យុទ្ធសាស្ត្រ ​លើ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ​ដែល​តភ្ជាប់​គ្នា​ទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិនិងមជ្ឈមណ្ឌលឡូជីស្ទីកទំនើប ជាដើមដែលអភិក្រមគ្រប់ជ្រុងជ្រោយនេះនឹងជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល ហើយការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ នឹងជំរុញឱ្យមានការកាត់បន្ថយចំណាយឡូជីស្ទីកនិងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ចដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បី​​ឱ្យពួកគេ​អាច​ទាញ​យកសក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់ ។សម្តេចហ៊ុន ម៉ាណែត បានធ្វើការអះអាងថាកម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជននិងវិនិយោគិនក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ានហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាននិងដៃគូសន្ទនាដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយភាពធន់ចីរភាពបរិយាប័ន្ននិងភាពប្រកួតប្រជែងដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់៕ 

Powered by Blogger.