ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាចាត់នាយកខុទ្ទកាល័យនាំថវិកា៨០លានរៀលជូនគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូ ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកាចំនួន ៨០លានរៀល ជូនឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិន ទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ អំពីសេចក្ដីសោកស្ដាយជាពន់ពេកនិងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារសពយោធិនពលី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីនៃកងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់ក្រុមគ្រួសារ និងធនធានមនុស្សរបស់អង្គភាព ព្រមទាំងបានជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ។ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ ជាពិសេសកងយោធពលខេមរភូមិន្ទ ជាមួយក្រសួងមហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឱ្យក្រសួងទាំងពីរមានលទ្ធភាពកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទីនិងភារកិច្ចបម្រើជាតិនិងប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអំណរគុណគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទឹកចិត្តប្រកបដោយភាតររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខនិងរួមចំណែកផ្ដល់នូវថវិកាជូនក្រុមគ្រួសារយោធិនពលី ទាំង ២០រូប។ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថាឧបទ្ទវហេតុនេះគឺជាទុក្ខសោកដ៏ក្រៀមក្រំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកងយោធពលខេមរភូមិន្ទសូម្បីតែក្នុងពេលមានសមរភូមិប្រយុទ្ធក៏ដោយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បន្តទៀតថា ភ្លាមៗក្រោយកើតមានឧបទ្ទវហេតុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំបញ្ជានិងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងការរៀបចំពិធីបុណ្យសពយោធិនពលី ព្រមទាំងការសង្គ្រោះ និងព្យាបាលជនរងគ្រោះ។មុននឹងបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការក៏បានជម្រាបជូនឯកឧត្តមសន្តិបណ្ឌិតនាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិតអំពីការត្រៀមរៀបចំប្រគល់ថវិកាជូនក្រុមគ្រួសារយោធិនពលីឱ្យបានឆាប់។ ភាគីទាំងពីរ ក៏បានគោរពជូនពរថ្នាក់ដឹកនាំ និងជូនពរមន្រ្តីកងកម្លាំង ទាំងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិសូមទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិ បេសកកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដើម្បីរួមចំណែកបន្តសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕
Post a Comment