កម្ពុជា​​ថ្កោលទោស​​ចំពោះ​កា​រវាយប្រហារ​ភេរវកម្ម​ដ៏​សា​ហាវ​នៅ​សាល​មហោស្រព​នៅ​​ជាយក្រុង​ម៉ូស្គូ

 សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងការបរទេស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​ថ្កោលទោស​យ៉ាងខ្លាំងក្លា​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ដ៏​សាហាវ​នៅ​សាល​មហោស្រព​នៅ​ជាយក្រុង​ម៉ូស្គូ​កាលពី​ល្ងាចថ្ងៃសុក្រ​។នេះបើតាមការចេញផ្សាយ​X​in​h​u​a។

សេចក្តីថ្លែង​ការណ៍​បាន​បង្ហាញ​ថា​ “​យើង​មាន​ក្តី​រន្ធត់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​បាត់បង់ជីវិត​មនុស្ស​រាប់​សិប​នាក់​ ​និង​រង​របួស​រាប់​រយ​នាក់​ ​នៅ​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​សាល​មហោស្រព​ម៉ូស្គូ (​M​os​cow​ Croc​us​) ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​” ​។​សេចក្តីថ្លែង​ការណ៍​បាន​បន្ថែម​ថា​៖​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​យ៉ាងខ្លាំងក្លា​បំផុត​ចំពោះ​ការវាយប្រហារ​ដ៏​សាហាវ​ឃោឃៅ​នេះ​»​។​​សេចក្តីថ្លែង​ការណ៍​ក៏បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​សូម​ចូលរួម​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ ​និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​និង​រដ្ឋាភិបាល​រុស្ស៊ី ​ហើយ​សូមជូនពរ​ឱ្យ​អ្នក​រង​របួស​ឆាប់​ជាសះស្បើយ​។​​កម្ពុជា​សូម​បញ្ជាក់​ជាថ្មី​ថា​ ​ទង្វើ​ភេរវកម្ម​ណា​ក៏ដោយ​គឺជា​ឧក្រិដ្ឋកម្ម​ ​និង​មិន​អាច​លើកលែង​បាន​ ​ទោះបីជា​ប្រព្រឹត្ត​ក្នុង​គោលបំណង​ណាមួយ​និង​ដោយ​បុគ្គល​ណា​ក៏ដោយ​។​ ​«​យើង​សូម​សម្តែង​នូវ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ ​និង​ប្រជាជន​រុស្ស៊ី​ក្នុង​អំឡុង​ពេល​ដ៏​ក្រៀមក្រំ​នេះ​»​។​​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ​១​៣​៣​ ​នាក់​នៅ​ក្នុង​ការវាយប្រហារ​ដែល​ខ្មាន់​កាំភ្លើង​បាន​សម្រុក​ចូល​សាល​មហោស្រព​មូស្គូ ​ក្នុង​សង្កាត់​ Kr​as​no​go​rsk ​ភាគ​ពាយព្យ​នៃ​ទីក្រុង​មូស្គូ ​នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី​កាលពី​ថ្ងៃសៅរ៍​៕


Powered by Blogger.