ឯក​ឧត្តមអ​ភិ​សន្តិបណ្ឌិតស​ ​សុខា​អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំពិនិត្យនិ​ងពិ​ភាក្សាលើសេ​ច​ក្ដីព្រាង​អនុក្រឹត្យស្ដីពី​ប​ង្កើតក្រុមប្រឹក្សា​កីឡាក្រសួងម​ហាផ្ទៃ!

ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ដិត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលយកចិត្តទុកដាក់បំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌនៃការប្រកួតកីឡាជាតិក៏ដូចជាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

ប្រមុខក្រសួងមហាផ្ទៃក៏បង្ហាញក្ដីសង្ឃឹមថា ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតក្នុងស្មារតីតែមួយ ថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងកាន់តែមានវឌ្ឍនភាព ទាំងផ្នែកធនធានកីឡាករកីឡាការិនីនិងហេដ្ឋរចនាសម្ព័ន្ធបម្រើឱ្យវិស័យកីឡាការហ្វឹកហាត់និងការប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិ។យោងតាមសេចក្ដីរាយការណ៍និងសេចក្ដីថ្លែងហេតុលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមាន៨ជំពូកនិង១៩មាត្រា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យកីឡា ស្ថិតនៅក្នុងជ្រុងទី១ ការអភិវឌ្ឍមូលធនមនុស្ស។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ជូនអង្គប្រជុំដែរថាការកែសម្រួលរចនាសម្ព័ន្ធក្នុងអនុក្រឹត្យនេះពុំមានការប៉ះពាល់ដល់ទំហំរចនាសម្ព័ន្ធឬបង្កើនថវិកាចំណាយក្រសួងនោះឡើយ និងក៏ពុំជាន់ភារកិច្ចនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃដែរ ផ្ទុយទៅវិញធ្វើឱ្យកាន់តែប្រសើរឡើងនូវរចនាសម្ព័ន្ធដឹកនាំស្របតាមគោលនយោបាយក្រសួងអប់រំ និងគោលការណ៍គណៈកម្មាធិការជាតិអូឡាំពិក។បន្ទាប់ពីបានស្ដាប់ និងពិនិត្យខ្លឹមសារ នៃសេចក្ដីព្រាងអនុក្រឹត្យនេះរួចមក ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា និងសមាជិកសមាជិកានៃអង្គប្រជុំ បានផ្ដល់អនុសាសន៍និងលើកយោបល់កែសម្រួលនិងបំពេញបន្ថែមលើចំណុចមួយចំនួន។ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានយកឱកាសនោះផ្ដល់មតិដឹកនាំលើកិច្ចការពាក់ព័ន្ធបន្ថែមទៀតផងដែរ៕






















Powered by Blogger.