សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍តំបន់មាត់ទន្លេ។ការថ្លែងរបស់សម្តេចធិបតីក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
|
|
សម្តេចធិបតីបានបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្តវិធានការនិងគោលនយោបាយនានាសំដៅសម្រេចបាននូវគោលដៅនៃយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ ២០២៤»។សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍តំបន់មាត់ទន្លេ ។ជាពិសេសខេត្តជុំវិញទន្លេមេគង្គ និងបឹងទន្លេសាប ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយគាំទ្រដល់វិស័យទេសចរណ៍ លើកកម្ពស់ការតភ្ជាប់ និងកែលម្អការដឹកជញ្ជូន។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងសិក្សាលើការសាងសង់ផ្លូវល្បឿនលឿន ទី៣ គឺផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បន្ទាប់ពីបានដំណើរការជោគជ័យនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាងមួយឆ្នាំកន្លងមក។ និងការចាប់ផ្តើមដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។សម្តេចធិបតីបានមានប្រសាសន៍ថា ត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ សំដៅជំរុញជំរុញ ‘ការនាំចេញនៅនឹងកន្លែង’ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។សម្តេចក៏បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប សិក្សាពីការបង្កើតតំបន់ “ខ្សែក្រវាត់បៃតង” ជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផលដូចជាបន្លែ ផ្លែឈើ ត្រី និងសាច់ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍន៍ផលិតផលកសិ-ទេសចរណ៍ ដើម្បីបង្កើនសក្តានុពលទេសចរណ៍របស់កម្ពុជា។ជាមួយគ្នានេះ សម្តេចហ៊ុនម៉ាណែតក៏បានអំពាវនាវដល់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប ឱ្យធ្វើការសិក្សា និងគិតគូរលើការប្រែក្លាយឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅសម្រាប់ទេសចរណ៍វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញ ៕
Post a Comment