​សម្តេចធិប​តី៖ប្រជាពលរដ្ឋត្រូវការគឺ​ទំនើបកម្មបច្ចេកវិ​ទ្យាលឿន

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថាសម្រាប់ពេលបច្ចុប្បន្ននេះតម្រូវការរបស់ប្រជាពលរដ្ឋ គឺទំនើបកម្ម បច្ចេកវិទ្យានិងការដោះស្រាយតម្រូវការបានលឿន។

ដូច្នេះ ហើយយើងត្រូវតែដាក់ចេញនូវគោលនយោបាយហើយមិនមែនជាគោលនយោបាយដែលមាននៅតែលើក្រដាសនោះទេ។ប៉ុន្តែត្រូវធ្វើឱ្យក្លាយទៅជាសមិទ្ធផលនៅលើដីជាក់ស្តែងជូនប្រជាពលរដ្ឋ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ“មន្ទីរពេទ្យតេជោសែនកោះធំ”ស្ថិតក្នុងស្រុកកោះធំខេត្តកណ្តាលដែលមានតម្លៃជាង១០លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកមន្ទីរពេទ្យ តេជោសែនកោះធំ គឺជាមន្ទីរពេទ្យមួយដែលធំហើយបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៤នេះមន្ទីរពេទ្យអាចទទួលព្យាបាលពលរដ្ឋបានជាង ៦០ម៉ឺននាក់ ហើយនៅបណ្តាឆ្នាំខាងមុខៗ អាចរហូតដល់ខ្ទង់លាននាក់ឯណោះ។សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងត្រូវធ្វើ អ្វីដែលយើងត្រូវគិតនោះគឺ ការបង្កា ការជួយសង្គ្រោះ និងការប្រតិបត្តិជាក់ស្តែង ដែលត្រូវការនូវពេទ្យជំនាញ ត្រូវការនូវឧបករណ៍ទំនើប។យើងត្រូវធ្វើវិមជ្ឈការនិងជំរុញធ្វើយ៉ាងណាដើម្បីមិនឱ្យបងប្អូនប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើដំណើរទៅព្យាបាលនៅភ្នំពេញនៅពេលពួកគាត់ឈឺខ្លាំងនោះទេព្រោះនៅទីនេះក៏អាចព្យាបាលជូនពួកគាត់បានដែរ»។សម្តេចធិបតីបានថ្លែងបញ្ជាក់ថាពីដំបូងឡើយប្រជាពលរដ្ឋនៅទីនេះប្រហែលជាមិនជឿទេចំពោះគម្រោងការសាងសង់មន្ទីរពេទ្យដ៏ធំនេះ តែផ្ទុយទៅវិញវាបានក្លាយទៅជាការពិតដោយមិនដល់ ២ឆ្នាំ ផងវាបានកើតឡើងនូវអគារ រួមទាំងការបំពាក់នូវសម្ភារពេទ្យអស់ជាង ៤លានដុល្លារអាមេរិកថែមទៀតផងដែលធ្វើឱ្យវាក្លាយជាមន្ទីរពេទ្យបង្អែកស្រុកធំជាងគេ។សម្តេចធិបតីបានថ្លែងបន្ដថា ថ្ងៃក្រោយនៅកន្លែងផ្សេងៗទៀត អាចនឹងមាន ហើយមានក្នុងលក្ខណៈនៃការប្រកួតប្រជែងគ្នាថែមទៀតផង ដែលនេះគឺជាកិច្ចការសំខាន់របស់យើងព្រោះវិមជ្ឈការនៃការទទួលខុសត្រូវគឺសំខាន់ណាស់ក្នុងនោះវិស័យសុខាភិបាលត្រូវតែធ្វើឱ្យបានលឿនជូនប្រជាពលរដ្ឋយើងត្រូវតែធ្វើវិមជ្ឈការសម្រាប់សេវាសាធារណៈព្រោះឯកសារអាចចាំបាន តែជីវិតមនុស្សមិនអាចចាំបានទេ៕

Powered by Blogger.