កម្ពុជានិងឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរនៃប្រទេសទាំងពីរនិងបានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
|
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអបអរសាទរឯកឧត្តម ប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤ផងដែរ។ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗដែលជាកម្មវត្ថុនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ ដែលបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ជាកិច្ចបញ្ចប់សម្តេចធិបតី និងប្រធានាធិបតីឥណ្ឌូណេស៊ី បានឯកភាពគ្នាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យខាងលើព្រមទាំងបន្តរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលផ្សេងទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែរឹងមាំ។ ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូណេស៊ី នាពេលពេលវេលាសមស្របណាមួយ នាពេលអនាគត ៕
Post a Comment