ដើម្បីពង្រីកទីផ្សារការងារនិងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។លោកហេង សួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុរបស់ប្រទេសជប៉ុនដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីកទីផ្សារការងារនិងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។
|
រូបភាពសហការី |
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជានិងជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទើបបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ។ជាមួយគ្នានោះ លោក ស្យូយិសាសាគិបានលើកឡើងថាជប៉ុននាពេលបច្ចុប្បន្នកំពុងបើកចំហកាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការវិស័យការងារដែលបានអនុញ្ញាតដល់ពលរដ្ឋរបស់ប្រទេសក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាលសមត្ថភាពជំនាញលើបច្ចេកទេសទំនើបៗរបស់ជប៉ុន។លោករដ្ឋមន្ត្រី ក៏បានយល់ឃើញដូចគ្នាថា ការពង្រឹងជំនាញបច្ចេកទេសរបស់ប្រជាពលរដ្ឋជាកត្តាគន្លឹះសំខាន់មួយក្នុងកិច្ចសហការដែលកម្ពុជាចង់បាន។បន្ថែមពីនេះលោករដ្ឋមន្ត្រី បានបង្ហាញសមាណចិត្តរីករាយនិងថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលមានបំណងបណ្តុះបណ្តាលជំនាញបច្ចេកទេសទំនើបៗដល់កម្ពុជាដើម្បីពង្រឹងផលិតភាពការងារ។ចំណែកភាគីជប៉ុនវិញក៏បានគូសបញ្ជាក់ និងថ្លែងអំណរគុដល់រដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានទុកចិត្តនិងបន្តកិច្ចសហការជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនជប៉ុន។ជុំវិញនៃការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងការពង្រឹងសមត្ថភាពជំនាញរវាងកម្ពុជា-ជប៉ុន លោករដ្ឋមន្ត្រី អះអាងថាភាគីកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រកិច្ចសហការឱ្យដំណើរការដោយរលូននិងទទួលបានលទ្ធផលផ្លែផ្កា៕
Post a Comment