រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmitry Kulebaបានសង្កត់ធ្ងន់ថា ក្រុងគៀវមិនត្រូវការកងទ័ពណាតូនៅលើទឹកដីរបស់ខ្លួនដើម្បីដោះស្រាយជាមួយរុស្ស៊ីឡើយ។
|
ទាហានបារាំងចូលរួមក្នុងសមយុទ្ធ NATO ។ រូបថត៖Reuters |
យោងតាមលោកKulebaសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំងEmmanuelMacronដែលថាសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកអាចដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនត្រូវបានបកស្រាយខុស។ការអត្ថាធិប្បាយរបស់លោក Macron នៅចុងខែកុម្ភៈ បណ្តាលឱ្យប្រទេសសមាជិកណាតូជាបន្តបន្ទាប់បញ្ជាក់ថាពួកគេមិនមានគម្រោងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនទេ។ថ្លែងទៅកាន់កាសែតអ៊ីតាលីLa Stampa នៅថ្ងៃទី២០ខែមីនា រដ្ឋមន្ត្រីការបរទេស Kuleba បានពណ៌នាប្រតិកម្មរបស់មេដឹកនាំអឺរ៉ុបថា"ភ័យស្លន់ស្លោ"។លោក Kuleba បាននិយាយថា"លោក Macronគ្រាន់តែចង់និយាយថា មានលទ្ធភាពនៃការបណ្តុះបណ្តាលទាហានអ៊ុយក្រែនដោយផ្ទាល់នៅលើទឹកដីអ៊ុយក្រែនមិនមែននៅខាងក្រៅដូចបច្ចុប្បន្នទេ"។លោកបានគូសបញ្ជាក់បន្ថែមថាអ្វីដែលអ៊ុយក្រែនត្រូវការពីអ្នកឧបត្ថម្ភបរទេសគឺសព្វាវុធ។ជាពិសេស យានជំនិះគ្មានមនុស្សបើក(UAV)មិនមែនជាធនធានមនុស្សទេ។កាលពីដើមសប្តាហ៍នេះកាសែតElPaisបានរាយការណ៍ថាទាហានមកពីបណ្តាប្រទេសណាតូកំពុងប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែននិងគាំទ្រ"ស្ទើរតែគ្រប់ទិដ្ឋភាពដែលអាចកើតមាន"នៃជម្លោះជាមួយរុស្ស៊ីលើកលែងតែប្រតិបត្តិការប្រយុទ្ធ។ កាសែតអេស្ប៉ាញដែលដកស្រង់បទសម្ភាសន៍ជាមួយប្រភពផ្សេងៗក្នុងរយៈពេល២ឆ្នាំកន្លងមកនេះបាននិយាយថានេះរួមបញ្ចូលទាំងការហ្វឹកហ្វឺនយោធានៅក្នុងប្រទេសអ៊ុយក្រែន។កាលពីថ្ងៃទី១៩ខែមីនា នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergei Naryshkin បានប្រកាសថាបារាំងកំពុងរៀបចំកងកម្លាំងរហូតដល់២,០០០នាក់ ដែលមានសមត្ថភាពធ្វើអន្តរាគមន៍ក្នុងជម្លោះនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ីបាននិយាយថា ការដាក់ពង្រាយនេះធ្វើឡើងដោយសម្ងាត់។ ប៉ុន្តែបារាំងបានច្រានចោលការថ្លែងរបស់លោក Naryshkin ដោយហៅវាថាជាការញុះញង់មិនទទួលខុសត្រូវ។ទីក្រុងម៉ូស្គូចាត់ទុកជម្លោះនៅអ៊ុយក្រែនថាជាសង្រ្គាមប្រូកស៊ីលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។មន្ត្រីជាន់ខ្ពស់រុស្ស៊ីក៏បានព្រមានថាទាហានស៊ីឈ្នួលបរទេសនឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់នៃការវាយប្រហារ។ កាលពីខែមករាក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថាបានវាយប្រហារមូលដ្ឋានទាហានស៊ីឈ្នួលបារាំងភាគច្រើននៅក្នុងទីក្រុង Kharkiv របស់អ៊ុយក្រែន ដោយបានសម្លាប់យុទ្ធជនប្រហែល៦០នាក់៕ពុតសាម៉ាត់
Post a Comment