សម្តេច​ធិបតីជួយជំរុញការអ​ភិវឌ្ឍវិស័យកីឡាជន​មានពិការភាពឱ្យកាន់​តែរីកចម្រើនខ្លាំងក្លា

 សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤នេះបានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាព្រមទាំងបានអនុញ្ញាតឱ្យបង្កើត«មូលនិធិកីឡាជនពិការតេជោសែន»ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេចធិបតីថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងពិធីដ៏អធិកអធមនោះ សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដោយបានឃើញបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញ​លេញ ​ក្នុង​សកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលនេះឆ្លុះបញ្ចំាង​ពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ» ។ ជាមួយគ្នានេះសម្តេចធិបតី បានលើកទឹកចិត្ត និងបញ្ជាក់ដល់បងប្អូនមានពិការភាពថា«បងប្អូនមិននៅឯកោនោះទេ» ព្រោះមានសម្តេចធិបតីផ្ទាល់ រួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងរាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពលនិងបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី១នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តោត​​ជាចម្បងលើការអភិវឌ្ឍមូលធនមនុស្សសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកប​ដោយបរិយាប័ន្ន និងភាពធន់ ​។ការណ៍នេះបានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាថាបងប្អូនមានពិការភាព ពិតជាមានឱកាសពេញលេញ ក្នុងការទទួលបានការគាំពារសិទ្ធិ និងការចូលរួម​ក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ។ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមលើនេះវិស័យឯកជនត្រូវបានលើកទឹកចិត្តជាពិសេសឱ្យទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសដល់ជនមានពិការភាពក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់បញ្ជាក់ផងដែរថារាជរដ្ឋាភិបាល​ «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ»។សម្តេចធិបតីបានបន្តទៀតថាការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាពគឺជាការចាំបាច់ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួម នៅក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញនិងស្មើភាព ។ ការកែលម្អនិងអភិវឌ្ឍនូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល ក៏ជាកត្តាចាំបាច់ ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាព ផងដែរ ។យ៉ាងណាម៉ិញការរើសអើងនិងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាពគឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ស្មារតីនិងគោលការណ៍សកលស្តីពីជនមានពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍ ដូច្នេះ ការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាព នូវក្តីសង្ឃឹមភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព ។ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាពនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែល​បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី តស៊ូ ព្យាយាម និងអត់ធ្មត់ក្នុងការបំពេញតួនាទីភារកិច្ចនិងបេសកកម្មរបស់ខ្លួនជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេស ជនមានពិការភាពរបស់យើង ។ ព្រមទាំង បានអរគុណចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និង បច្ចេកទេសដែលការណ៍នេះរួមចំណែកដល់ការលើកកម្ពស់សិទ្ធិជនមានពិការភាព និង លើកកម្ពស់ជីវភាពបងប្អូនឱ្យកាន់តែប្រសើរ ​។ ទន្ទឹមនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

Powered by Blogger.