ស្ពានអាកាសមរតកតេជោគឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀតដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននាថ្ងៃទី១ មេសា២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះថាស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោហ៊ុន សែន មហាវិថីព្រះមុនីវង្សនិងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌចំការមន រាជធានីភ្នំពេញដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
|
|
សម្តេចធិបតី បានបន្តថា ស្ពាននេះនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ។សម្តេចហ៊ុន ម៉ាណែតបានបន្តថាផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថាសមិទ្ធផលនេះក៏នឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះចំណេញពេលវេលានិងសម្រួលដល់ការធ្វើដំណើរប្រកបការងារជាពិសេសការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ៕
Post a Comment