កម្ពុ​ជា-ឡាវបន្តពង្រឹងង​ពង្រី​កកិច្ចស​ហប្រតិបត្តិ​កា​រប្រយុទ្ធប្រឆាំ​ងឧក្រិដ្ឋកម្ម​ឆ្លងដែនកា​រជួញដូរមនុស្សគ្រឿងញៀននិ​ងប​​ទល្មើសឆ្លង​ដែន

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។​

ឯកឧត្តមនាយឧត្តមសេនីយ៍​ ក៏បានចូលរួមអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និង បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្តម លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវក៏ដូចជាឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតីឡាវ ជូនចំពោះសម្តេចធិបតីផងដែរ។បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់អំពីទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៃប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងដ៏ល្អ និងមិត្តភក្តិដ៏ជិតស្និទ្ធ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ក៏ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ទៅលើវិស័យសំខាន់ៗដូចជា៖​ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបទល្មើសឆ្លងដែន​ ជាដើម។បន្ថែមពីនេះក្រសួងទាំងពីរក៏នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការចែករំលែកនូវបទពិសោធន៏ និងជំនាញបច្ចេកទេស ការផ្លាស់ប្ដូរនិស្សិតដែលសិក្សាលើជំនាញនគរបាល និងបន្តកិច្ចសហការ នៅក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែន ដោយសន្តិវិធីដើម្បី បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីថែរក្សាព្រំដែន នៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនេះដែរ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូន សម្តេចធិបតី អំពីការប្ដេជ្ញាចិត្ត និងការខិតខំរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមកកម្ពុជា​ ឱ្យបានគ្រប់គ្រាន់តាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពជាមួយគ្នា និងការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២៤។សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានជួប ឯកឧត្តម នាយឧត្តមសេនីយ៍​ ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាកាលពីចុងឆ្នាំ២០២២ ដែលពេលនោះ សម្ដេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។សម្ដេចធិបតី បានសម្ដែងនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនិយាយជារួមនិងទំនាក់ទំនងដ៏ល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ និយាយដោយឡែក។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈរបស់ឡាវខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបទល្មើសឆ្លងដែននានា។សម្ដេចធិបតីក៏បានកត់សម្គាល់និងវាយតម្លៃខ្ពស់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលឡាវក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានសម្ដែងនូវការអបអរសាទរ និងគាំទ្រដល់ប្រទេសឡាវដែលបាននិងកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២៤នេះហើយកម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការជួយគាំទ្រទៅដល់រដ្ឋាភិបាលឡាវផងដែរ ៕

Powered by Blogger.