រដ្ឋាភិបាលបានផ្តល់ការធានារបស់ខ្លួនថាប្រទេសថៃនឹងមិនបាត់បង់អធិបតេយ្យភាពលើកោះកុដ(Koh Kood)ក្នុងខេត្តត្រាតមកឱ្យកម្ពុជាក្នុងការចរចានាពេលអនាគតរវាងប្រទេសទាំងពីរទាក់ទងនឹងការចែករំលែកធនធានសមុទ្រនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នានោះទេ។នេះការតាមចេញផ្សាយBangkok Post។
|
រូបភាព៖Bangkok Post |
រដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បានលើកឡើងក្នុងអំឡុងកិច្ចពិភាក្សាទូទៅរបស់ព្រឹទ្ធសភាកាលពីយប់ថ្ងៃចន្ទថា ការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងបារាំង និងសៀម (ដែលជាអតីតឈ្មោះរបស់ប្រទេសថៃ) នៅឆ្នាំ១៩០៧ថាបារាំងបានប្រគល់ខេត្តត្រាតនិងកោះរវាងLing cape និងKoh Koodទៅឱ្យសៀមវិញ។លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាលោកយល់ស្របនឹងសំណើរបស់ព្រឹទ្ធសភាដែលថាការចរចាថ្មីណាមួយអំពីការបោះបង្គោលព្រំដែននៃធ្នើទ្វីបដែលមានជម្លោះនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ត្រូវតែធ្វើឡើងទន្ទឹមនឹងការចរចាណាមួយស្តីពីការចែករំលែកធនធានក្រោមទឹក។ធ្នើទ្វីបគឺជាគែមនៃទ្វីបដែលស្ថិតនៅក្រោមមហាសមុទ្រ។លោក Parnpree ដែលជាឧបនាយករដ្ឋមន្ត្រីក៏កំពុងឆ្លើយតបទៅនឹងកង្វល់ដែលបានលើកឡើងអំពីផលប៉ះពាល់ការទូត និងផ្លូវច្បាប់ដែលអាចកើតមាននៃគម្រោងរបស់រដ្ឋាភិបាលថៃ ក្នុងការចរចាជាមួយកម្ពុជាលើការចែករំលែកធនធានសមុទ្រដោយមិននិយាយអំពីបញ្ហាធ្នើទ្វីប។បើទោះជាលោកបញ្ជាក់ថា បញ្ហាទាំងពីរនេះ គួរតែពិភាក្សាជាមួយគ្នាក្នុងកិច្ចចរចានាពេលខាងមុខក៏ដោយ ក៏លោក Parnpree បានទទួលស្គាល់ថា ត្រង់ចំណុចនេះ លោកមិនមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើបញ្ហានោះទេ ខណៈដែលគណៈកម្មាធិការទទួលបន្ទុកការចរចាមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ។ លោកបានបន្តថា ការបង្កើតគណៈកម្មាធិការ នឹងទាមទារឱ្យមានការអនុម័តពីគណៈរដ្ឋមន្ត្រី។លោក Parnpree បានមានប្រសាសន៍ថា ការចរចាផ្លូវការចំនួនបួនលើក និងការចរចាក្រៅផ្លូវការចំនួនប្រាំបីត្រូវបានធ្វើឡើងរវាងប្រទេសថៃ និងកម្ពុជា ដោយយោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា ក្នុងឆ្នាំ២០០១ ដោយប្រទេសទាំងពីរដែលបង្ហាញពីចេតនារបស់ភាគីទាំងពីរ ក្នុងការផ្សះផ្សាលើតំបន់ទាមទារត្រួតស៊ីគ្នា។ លោកបានបន្ថែមថា ចាប់តាំងពីពេលនោះមក មិនទាន់មានការរីកចម្រើនលើបញ្ហានេះទេ។នៅថ្ងៃទី៧ ខែកុម្ភៈ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ នៅពេលនោះ បញ្ហាតំបន់ទាមទារត្រួតស៊ីគ្នាក៏ត្រូវបានពិភាក្សាផងដែរ ក្នុងចំណោមប្រធានបទផ្សេងទៀត។លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មេដឹកនាំថៃ និងកម្ពុជា បានឯកភាពគ្នាជាបន្តបន្ទាប់ ដើម្បីពិភាក្សាបន្ថែមទៀតអំពីការចែករំលែកធនធាននៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា៕
Post a Comment