សម្តេចធិប​តី​៖ការទូទាត់សងប្រាក់ឌីជីថ​លកើនដល់ចំនួនប្រមា​ណ៤៩២​ប៊ីលានដុល្លារអាមេ​រិកក្នុងឆ្នាំ២០​២៣

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ឆ្នាំ២០២៤និងពិពណ៌បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ។ 

ចំណែកឯចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធឺណិតចល័តនិងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័តបានកើនដល់ប្រមាណជាង១៩ លាននាក់ក្នុងឆ្នាំ២០២៣ ។សម្តេចធិបតីបានថ្លែងបន្តថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន។កាលពីពេលថ្មីៗនេះនឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។សម្តេចធិបតីបានគូសរំលេចថា ការធ្វើបរិវត្តកម្មឌីជីថលគឺជាការចាប់យកនិងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្នភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។សម្តេចធិបតី បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឱ្យកត់សម្គាល់។វិបត្តិនៃជំងឺកូវីដ១៩បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំងនិងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ជម្រាបជូនថាបច្ចេកវិទ្យាឌីជីថលគឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់​កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោ​បាយសេដ្ឋកិច្ច និង​សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន​ ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែតបានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមឌីជីថល៕

Powered by Blogger.