តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន »នាថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៤នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថាការងារប្រយុទ្ធនឹងជំងឺរបេងនៅមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងារនេះបន្ថែមទៀតដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺនិងស្លាប់ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជានិងសកលលោក។
|
|
សម្តេចធិបតីអំពាវនាវឲ្យបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេងប្រកបដោយស័ក្ដិសិទ្ធិភាពនិងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពនិងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។ដើម្បីឆ្លើយតបនឹងប្រធានបទនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖ទី១-បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធនឹងជំងឺរបេង តាមផែនការជាតិ និងសកលលោកទី២-ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរសកម្ម នៅតាមសហគមន៍និងវត្តអារាម។ទី៣- បន្តថែរក្សាឲ្យបានខ្ពស់ នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង ឱ្យបានលើស៩០%។និងទី៤-ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធនឹងជំងឺរបេង។សម្តេចធិបតី បានបន្ថែមថារាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះនឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយប្រជាជនទាំងអស់គ្នា រួបរួមបង្កើនល្បឿនដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត។ជាពិសេសពង្រឹងសេវាថែទាំបង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថាអត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះក្នុងអត្រា៤៥% ពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ ក្នុងឆ្នាំ២០២២។ រីឯករណីឆ្លងជំងឺរបេងថ្មីក៏បានធ្លាក់ចុះពី ៥៧៩ ករណីក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជា ជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ គឺបានថយចុះ ៤៥% ផងដែរ។សូមជម្រាបជូនថាការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំ ទូលាយ ព្រមទាំងបំផុសការយល់ដឹង លើការប្រយុទ្ធនឹងជំងឺរបេងផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីបញ្ហានិងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមជាតិ៕
Post a Comment