ក្នុងរយៈពេល៦ខែដែលសម្តេចបានដើរទាក់ម៉ូយនៅក្រៅប្រទេសមិនមែនមកតែខ្យល់ដូចគេថានោះទេ។រាជរដ្ឋាភិបាលអាណត្តិថ្មីទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាទទួលបាន១៧៣គម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។នេះបើតាមការថ្លែងបញ្ជាក់ឲ្យដឹងពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
|
|
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានឱ្យដឹងថា ១៧៣គម្រោងនេះ អាចផ្តល់ការងារជូនពលរដ្ឋបានជាង១៧៧ ០០០កន្លែង។ គម្រោងវិនិយោគទាំងនោះ មានអ្នកនៅក្នុងស្រុក គម្រោងវិនិយោគពីបរទេសនិងជាគម្រោងពង្រីកនូវការវិនិយោគបន្ថែមរបស់អ្នកចាស់ផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដែលសម្តេចបានដើរទាក់ម៉ូយនេះវាមិនមែន មកតែខ្យល់នោះទេ ហើយនៅពេលខាងមុខនេះក៏មានគណៈប្រតិភូវិនិយោគទុនពីកូរ៉េខាងត្បូងនឹងមកកម្ពុជាហើយក្នុងខែឧសភាខាងមុខសម្តេចក៏នឹងអញ្ជើញទៅកូរ៉េខាងត្បូងដើម្បីបំពេញទស្សនកិច្ចជាផ្លូវការតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េផងដែរ ដែលនៅពេលនោះសមភាគីទាំងពីរនឹងធ្វើការជជែកគ្នា ដើម្បីជំរុញការវិនិយោគពីកូរ៉េខាងត្បូងបន្ថែមទៀត។ គម្រោងវិនិយោគខាងលើ រួមមាន៖ ការវិនិយោគលើ វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត ហើយប្រភពនៃការវិនិយោគនេះមានមកពីប្រទេស សិង្ហបូរី, ជប៉ុន, ចិន, សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង, ថៃ,វៀតណាម, ព្រុយណេ, ស៊ុយអែត, កាណាដានិងប្រទេសជាច្រើនទៀត រួមនឹងកម្ពុជាខ្លួនឯងផងដែរ។នេះបើតាមអះអាងបញ្ជាក់ពីសម្តេចធិបតី៕
Post a Comment