នាយ​ករដ្ឋមន្រ្តីកម្ពុជាទទួលជួបប្រធាន​សហព័ន្ធជាតិនៃគ្រួសារទា​ហានអាមេរិកបាត់ខ្លួន​នៅអាស៊ីអាគ្នេយ៍

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រីនិងសហការី ចូលជួបសម្តែងការគួរសមព្រមទាំងបានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់សម្តេចធិបតីក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រមណជាង ៣២ ឆ្នាំមកនេះ។ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ដែលនេះជាកាយវិការមនុស្សធម៌និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួនដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌និងបញ្ហានយោបាយ។ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីអ្នកដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែលលោកនឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។សម្តេចធិបតីក៏បានបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រីហើយរាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតក្នុងការសម្របសម្រួលលើសកម្មភាពនេះឱ្យសម្រេចបានជោគជ័យ ទោះបីជានៅតំបន់ខ្លះ​នៅមានលក្ខណៈស្មុគស្មាញក៏ដោយ។ទន្ទឹមគ្នានេះ សម្តេចធិបតីបានបញ្ជាក់ជូនលោកស្រីថា​ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់​និងយូរអង្វែង​រាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿនបន្តទៀតក្នុងការសម្របសម្រួលនិងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសា​រនៃទាហានដែលបានបាត់ខ្លួន ៕ 

Powered by Blogger.