សម្តេច​ធិបតីអញ្ជើញដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិ​បាលកម្ពុជាទៅដល់ប្រទេសអូស្ត្រាលី

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលីប្រកបដោយសុវត្ថិភាពដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់ឯកឧត្តម Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤នេះ។

តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៥០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។សូមជម្រាបជូនថាការអញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។កិច្ចប្រជុំកំពូលនេះនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំកំណត់ទិសដៅអនាគតរួមនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅតាមរយៈការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំគ្រោងនឹងអនុម័តសេចក្ដីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។សម្ដេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួនដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀតផងដែរ៕ 

Powered by Blogger.