អ៊ីស្រា​អែល​វា​យ​ប្រហារ​ប៉ុស្តិ៍​បញ្ជាការ​ហេ​សបូឡា​៣​កន្លែងអា​មេរិក​បារម្ភ​ពីស្ថាន​ការណ៍Rafah

កងកម្លាំងការពារអ៊ីស្រាអែល(IDF)បាននិយាយថាថ្មីៗនេះកងកម្លាំងនេះបានវាយប្រហារទីតាំងបញ្ជាការរបស់ក្រុមហេសបូឡាជាច្រើនដែលមានទីតាំងនៅភាគខាងត្បូងប្រទេសលីបង់។កាសែត The Times of Israel បានដកស្រង់សេចក្តីថ្លែងការណ៍ពីIDFដែលសរសេរថាប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡាត្រូវបានធ្វើឡើងដោយកងកម្លាំងអាកាសរបស់ប្រទេស។“យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារប៉ុស្តិ៍បញ្ជាការចំនួន៣នៃអង្គការហេសបូឡាដែលមានទីតាំងនៅភាគខាងត្បូងប្រទេសលីបង់។ ក្នុងពេលជាមួយគ្នានោះកាំភ្លើងធំរបស់អ៊ីស្រាអែល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈបានបើកការបាញ់ប្រហារដើម្បីបន្សាបការគំរាមកំហែងដែលមកពីតំបន់Alma a-Sha'ab និងDahira"សេចក្តីថ្លែងការណ៍របស់IDF បានសរសេរ។ក្រោយមកIDFបានចេញផ្សាយវីដេអូថតជាផ្នែកនៃយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធហេសបូឡាដែលត្រូវបានចោទប្រកាន់នៅភាគខាងត្បូងប្រទេសលីបង់។

អាមេរិក​បារម្ភ​ពី​ស្ថានការណ៍Rafah

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានព្រមានថាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ទៅលើទីក្រុង Rafah នៅភាគខាងត្បូង Gaza Strip អាចបង្កើត "គ្រោះមហន្តរាយ" ។"សហរដ្ឋអាមេរិកចង់ឱ្យអ៊ីស្រាអែលទទួលបានជោគជ័យក្នុងការបំផ្លាញក្រុមហាម៉ាស់។ប៉ុន្តែទីក្រុងTelAvivត្រូវការធានាសុវត្ថិភាពរបស់ប្រជាជនប៉ាឡេស្ទីន រួមទាំងអ្នកដែលនៅRafahផងដែរ។ យើងយល់ថាមានអង្គភាព និងមេដឹកនាំក្រុមហាម៉ាស់ផ្លាស់ទីចូលទៅក្នុងទីក្រុងRafahដោយសារតែការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងនៅក្នុងKhanYounisហើយពួកគេហាក់ដូចជាចង់ប្រើប្រាស់ជនស៊ីវិលជាខែលការពារ។ លោក Kirby បាននិយាយថា ក្នុងស្ថានភាពនោះភាគីអ៊ីស្រាអែលត្រូវការផែនការដ៏រឹងមាំមួយ ដើម្បីការពារជនស៊ីវិល។“វាគឺជាជំហានចាំបាច់មួយដើម្បីធានាការគាំទ្ររបស់សហរដ្ឋអាមេរិកនៅក្នុងយុទ្ធនាការយោធានេះ។យើង​នឹង​មិន​គាំទ្រ​យុទ្ធនាការ​ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​នោះ​ទេ។ យើងបន្តជឿថាប្រតិបត្តិការយោធានៅ Rafah នឹងមានមហន្តរាយ” មន្ត្រីអាមេរិករូបនេះបានបន្ថែម។យោងតាម ​​Hindustan Times ទីក្រុង Rafah ដែលមានទីតាំងនៅភាគខាងត្បូង Gaza Strip ជាប់ព្រំដែនប្រទេសអេហ្ស៊ីបបានក្លាយជាជម្រកចុងក្រោយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនដែលបានបាត់បង់ផ្ទះសម្បែងដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ទិន្នន័យពីអង្គការអង្គការសហប្រជាជាតិបង្ហាញថារហូតមកដល់ពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្គាហ្សាឬជិត១.២ លាននាក់កំពុងភៀសខ្លួននៅក្នុងទីក្រុងនេះដោយសារកង្វះអាហារ និងទឹកស្អាត៕ពុតសាម៉ាត់

Powered by Blogger.