អភិបាលនៃតំបន់ Kursk លោកRomanStarovoytបានបញ្ជាក់កាលពីថ្ងៃទី ១៥ខែកុម្ភៈថាកងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅទីតាំងប្រេងនៅក្នុងតំបន់Kurskព្រំដែនរុស្ស៊ីជាមួយនឹងយន្តហោះគ្មានមនុស្សបើក។
|
អ៊ុយក្រែនបានប្រកាសពីការលិចកប៉ាល់ចុះចតរុស្ស៊ី Caesar Kunikov ។ រូបថត៖Reuters |
មន្ត្រីនេះបាននិយាយថាការវាយប្រហារនេះបានកើតឡើងនៅជាយក្រុងនៃខេត្តដែលមានឈ្មោះដូចគ្នាKurskដែលមានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងម៉ូស្គូ។តាមសេចក្តីរាយការណ៍បឋមមិនមានអ្នករងរបួសទេហើយភ្នាក់ងារអនុវត្តច្បាប់និងកម្លាំងពិសេសកំពុងធ្វើការនៅកន្លែងកើតហេតុ។បណ្តាញTelegramជាច្រើនបានបង្ហោះវីដេអូនៃការវាយប្រហារដែលបង្ហាញពីការឆេះដ៏ធំមួយនៅកន្លែងកើតហេតុ។ប៉ុស្តិ៍Baza បាននិយាយថាធុងសាំងចំណុះ១០០តោនបានឆេះហើយអ្នកពន្លត់អគ្គីភ័យបានព្យាយាមគ្រប់គ្រងភ្លើង។យោងតាម RT ការវាយប្រហារនៅទីក្រុង Kurskគឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ុយក្រែនជាបន្តបន្ទាប់ទៅលើរោងចក្រថាមពលរុស្ស៊ីចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។ កាលពីខែមុនយន្តហោះគ្មានមនុស្សបើកបានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅតំបន់Yaroslavlរបស់រុស្ស៊ី។នៅដើមខែមករារោងចក្រកែច្នៃឧស្ម័នធម្មជាតិ Novatek ដែលមានមូលដ្ឋាននៅកំពង់ផែ Ust-Luga ក្នុងតំបន់ Leningradប្រទេសរុស្ស៊ីដែលមានចម្ងាយជិត១,០០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនបានឆេះដោយសារតែ"ផលប៉ះពាល់ខាងក្រៅ"។តំបន់ព្រំដែនរបស់រុស្សីតែងតែជាគោលដៅវាយប្រហារដោយកាំភ្លើងធំមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកពីអ៊ុយក្រែនដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់និងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធ អ៊ុយក្រែនបានប្រកាសថាខ្លួនបានបិទ១/៣ នៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីបន្ទាប់ពីស៊ើបការណ៍យោធារបស់ប្រទេសនេះបានប្រកាសពីការលិចកប៉ាល់ amphibious រុស្ស៊ី Caesar Kunikov ក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកនៅឯឆ្នេរសមុទ្រCrimeaកាលពីថ្ងៃទី១៤ខែកុម្ភៈ។កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានប្រាប់CNNថា"អ៊ុយក្រែនបានបិទមួយភាគបីនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅក្នុងការវាយប្រហារទ្រង់ទ្រាយធំ" ។កាលពីសប្តាហ៍មុន អ៊ុយក្រែនបានប្រកាសថា ខ្លួនបានបិទនាវាចម្បាំងប្រហែល៣៣% របស់រុស្ស៊ី រួមទាំងនាវាចំនួន២៤គ្រឿង និងនាវាមុជទឹកមួយផងដែរ។ យោងតាមស្ថិតិរបស់អ៊ុយក្រែនកប៉ាល់ចុះចត Caesar Kunikov គឺជាកប៉ាល់ទី២៥ដែលរងការខូចខាត។នៅពេលសួរអំពីឧបទ្ទវហេតុក្នុងសន្និសីទកាសែតនៅទីក្រុងប្រ៊ុចសែល-បែលហ្សិកកាលពីថ្ងៃទី 14 ខែកុម្ភៈ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអត្ថាធិប្បាយថាអ៊ុយក្រែនអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីហើយបានចាត់ទុកថានេះជាសមិទ្ធផលដ៏អស្ចារ្យរបស់អ៊ុយក្រែន។ប្រធានអង្គការណាតូក៏បានកត់សម្គាល់ផងដែរថា ការរុញច្រានកងនាវាចរសមុទ្រខ្មៅរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបើកច្រករបៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិនិងទំនិញផ្សេងទៀតទៅកាន់ទីផ្សារពិភពលោក៕ពុតសាម៉ាត់
Post a Comment