វិទ្យុនិងទូរទស្សន៍មីយ៉ាន់ម៉ា(MRTV)បានរាយការណ៍ថាកាលពីថ្ងៃទី២៨ខែកុម្ភៈក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ាបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទីប្រជុំជនMomeik និង Mabein ក្នុងរដ្ឋ Shan ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានពន្យល់ថាច្បាប់អាជ្ញាសឹកត្រូវបានអនុវត្តនៅក្នុងទីប្រជុំជនMomeik និងMabein ដើម្បីធានាសន្តិសុខនិងរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ។
|
សមាជិកនៃកងទ័ពឯករាជ្យKachin (KIA)។រូបភាព៖ KACHIN NEWS GROUP |
យោងតាមបទបញ្ជាដាច់ដោយឡែកមួយដែលបានចេញផ្សាយនៅពេលក្រោយ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាបានប្រគល់អំណាចគ្រប់គ្រងរដ្ឋបាល និងតុលាការលើក្រុងទាំងពីរខាងលើដល់មេបញ្ជាការនៃបញ្ជាការភាគខាងជើងមីយ៉ាន់ម៉ាដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ការងារសន្តិសុខ ការអនុវត្តច្បាប់ក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ប្រទេសមីយ៉ាន់ម៉ា នៅតែស្ថិតក្នុងភាពអាសន្ន។ស្ថានភាពនេះត្រូវបានប្រកាសដំបូងក្នុងខែកុម្ភៈ ឆ្នាំ២០២១សម្រាប់រយៈពេល១ឆ្នាំ ហើយបន្ទាប់មកបានបន្ត៥ដង (រយៈពេល៦ខែ)រហូតដល់ចុងខែកក្កដាឆ្នាំ២០២៤។យោងតាមគេហទំព័រព័ត៌មានBNNBreakingការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុងទាំងពីរខាងលើត្រូវបានធ្វើឡើងក្នុងបរិបទនៃភាពតានតឹងនិងអស្ថិរភាពនៅក្នុងតំបន់ជាច្រើននៃប្រទេសមីយ៉ាន់ម៉ា។ចាប់តាំងពីរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាក្នុងខែកុម្ភៈឆ្នាំ២០២១ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានឃើញការតវ៉ាជាច្រើនរួមជាមួយនឹងការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងកងកម្លាំងឧទ្ទាម។សកម្មភាពចុងក្រោយរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា បង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ ដោយផ្តល់អំណាចដល់មេបញ្ជាការយោធាក្នុងការគ្រប់គ្រងរដ្ឋបាល និងយុត្តិធម៌នៅ Momeik និង Mabein។គេនៅមិនទាន់ដឹងថាស្ថានភាពនៅ Momeik និងMabeinមានសភាពយ៉ាងណានោះទេ។ ប៉ុន្តែនៅចុងខែមករា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ាបានប្រកាសថាកងទ័ពមីយ៉ាន់ម៉ាបានដណ្តើមយកទីក្រុង Momeik មកវិញ បន្ទាប់ពីកងទ័ពឯករាជ្យ Kachin (KIA) និងកងកម្លាំងសម្ព័ន្ធមិត្តបានដកខ្លួនចេញពីទីក្រុង។ ពួកគេបានចោទប្រកាន់ក្រុមឧទ្ទាមទាំងនេះថាបានប្រព្រឹត្តអំពើឃោរឃៅ ដូចជាការសម្លាប់និងការចាប់ជំរិតជនស៊ីវិលជំរិតទារប្រាក់និងដុតបំផ្លាញអគារសាធារណៈនៅទីនេះ។នៅក្នុងទីប្រជុំជន Mabein ទីភ្នាក់ងារសារព័ត៌មាន MyanmarNowកាលពីថ្ងៃទី២២ខែមករាបានដកស្រង់ប្រភពដែលនិយាយថា KIA និងកងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់ទីក្រុងនេះ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ក្នុងអំឡុងពេលប្រយុទ្ធនៅទីនេះ។ច្បាប់អាជ្ញាសឹកក្នុងប្រទេសមីយ៉ាន់ម៉ាផ្តល់ឱ្យមេបញ្ជាការយោធានូវអំណាចទូលំទូលាយក្នុងការគ្រប់គ្រងនិងអនុវត្តច្បាប់ ដោយដាក់យោធានៅក្នុងតួនាទីគ្រប់គ្រងនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ការដាក់ច្បាប់អាជ្ញាសឹកនៅ Momeik និង Mabein បង្ហាញឱ្យឃើញនូវយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខតាមរយៈអន្តរាគមន៍យោធា៕ពុតសាម៉ាត់
Post a Comment