កម្ពុជា​​-​ម៉ាឡេស៊ីជំរុញ​កិច្ច​ស​ហប្រតិបត្តិការ​ទ្វេភា​គីដើម្បី​ផលប្រយោជ​ន៍​ទៅវិញទៅមក​

កម្ពុជា​និង​ម៉ាឡេស៊ី​បាន​ឯកភាព​គ្នា​លើ​វិ​ស័​យ​មួយ​ចំនួន​ដើម្បី​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ​។​

ការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​និង​សម​ភាគី​ម៉ាឡេស៊ី​ ​ឯកឧត្តម​ ​ដា​តុ​ ស៊េ​រី​ ​អាន់​វ៉ា​ ​អ៊ី​ប្រា​ហ៊ី​ម​ (​D​at​o’ S​e​r​i​ ​An​war​ ​I​br​a​him​) ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួប្រទេស​ម៉ាឡេស៊ី​ ​កាល​ពីម្សិលមិញ​។​​ក្នុង​ឱកាស​នោះ​ ​មេដឹកនាំ​ទាំងពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នា​ពេល​កន្លងមក​ ​ព្រមទាំង​បាន​ផ្លាស់ប្តូរ​ទ​ស្សនៈ ​លើ​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ផ្សេងៗ​ ​រួម​មាន​ ​នយោបាយ​ ​ការពារ​ជាតិ​ ​សន្តិសុខ​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​ទេសចរណ៍​ ​ឧស្សាហកម្ម​ ​អាហារ​ហា​ឡាល់ ​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​និង​សន្តិសុខ​ថាមពល​។​មេដឹកនាំ​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សាគ្នា​អំពី​លទ្ធភាព​នៃ​ការពង្រីក​ជើង​ហោះហើរ​ត្រង់​ពី​ម៉ាឡេស៊ី​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា​ ​ដូចជា​ខេត្ត​សៀមរាប​ជាដើម​។​ក្នុង​ក្របខ័ណ្ឌ​នៃ​វិ​ស័យ​ការពារ​ជាតិ​ ​និង​សន្តិសុខ​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ​រួម​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការ​កសាង​សមត្ថភាព​ ​ការផ្លាស់ប្តូរ​ព័ត៌មាន​ ​និង​លំហាត់​សម​យុទ្ធ​រួមគ្នា​ ​ចំណែក​វិ​ស​័​យ​សន្តិសុខ​ថាមពល​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គាំទ្រ​ ​និង​សម្របសម្រួល​គម្រោង​បញ្ជូន​ថាមពល​ក្រោម​បាត​សមុទ្រ​ ( ​ឡាវ​-​កម្ពុជា​-​សិង្ហបុរី​) ​ដោយ​ឆ្លងកាត់​ដែនសមុទ្រ​ម៉ាឡេស៊ី​។​ក្រៅពី​នេះ​ ​សម​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការពិនិត្យ​លទ្ធភាព​នៃ​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ (JCBC) ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​។​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ម៉ាឡេស៊ី​នឹង​កាន់តែ​រឹង​មាំ​ ​និង​អាច​ឈាន​ដល់ក​ម្រិ​ត​កាន់តែ​ខ្ពស់​។​បន្ទាប់ពី​កិច្ចពិភាក្សា​ទ្វេភាគី​រួចមក​ សម្តេច ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​ឯកឧត្តម​ ​អាន់​វ៉ា​ ​អ៊ី​ប្រា​ហ៊ី​ម​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារ​ជាតិ​ម៉ាឡេស៊ី​ (N​e​g​ar​a​ ​Malaysia​) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ទូទាត់​។​​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ​ដឹកនាំ​ដោយសម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ទៅដល់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ​កាល​ពីម្សិលមិញ​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​មួយថ្ងៃ​៕
Powered by Blogger.