ប្រសាស​ន៍សម្តេចធិ​បតីពិធីបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៣និ​ងលើកទិសដៅ​ការងារឆ្នាំ២០២៤រប​ស់​ក្រសួងសង្គម​​កិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សម្តេចធិបតី ហ៊ុនម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ។ សម្តេចធិបតីបានមានប្រសាសន៍ថាកម្ពុជានិងបណ្តាប្រទេសនានាលើពិភពលោកកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចធិបតីបានមានប្រសាសន៍ថាគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិគឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាព។២០ឆ្នាំក្រោយមានសុខសន្តិភាព រាជរដ្ឋាភិបាលបានប្រឹងប្រែងប្រែក្លាយជីវភាពប្រជាពលរដ្ឋ ពីកម្រិតក្រីក្រ ទៅជាចំណូលមធ្យមនិងពីមធ្យមទៅចំណូលខ្ពស់។សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថាជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណាធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខឬយំនោះទេហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។ការជួយប្រជាពលរដ្ឋគឺជាការជួយសេដ្ឋកិច្ចជាតិ។សម្តេចបន្ថែមថាសេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេបើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង។សម្តេចធិបតីបានបន្តថាកម្មវិធីគាំពារសង្គមមានប្រជាពលរដ្ឋប្រមាណ៦លាន៥សែន បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ប្រទេសមួយមានសេដ្ឋកិច្ចប្រកបដោយចីរភាពគឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង។ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯងដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍។សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងអគ្គិសនីជាដើម។កំណើនសេដ្ឋកិច្ច៧ភាគរយមុនពេលកូវីដ១៩ មិនមែនដោយសារតែនយោបាយគាំពារសង្គមនោះទេ តែជាសមិទ្ធផលកើតចេញពីគោលនយោបាយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តរក្សានយោបាយគាំពារសង្គម។ហើយគោលនយោបាយរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។សម្តេចធិបតីបានថ្លែងកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌និងវប្បធម៌ចែករំលែកនៅក្នុងសង្គមខ្មែរ។សម្តេចបន្តថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លីហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។នយោបាយគាំពារសង្គមមិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ។ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្ដុំនៃកម្មវិធីជាតិ ជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និង អចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក និង សមាជិកគ្រួសារដែលជាជនរងគ្រោះនិងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន៤បញ្ចូលគ្នារួមមាន៖១/ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារ អាយុក្រោម ២ ឆ្នាំ២/កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សានិង មធ្យមសិក្សាចំណេះទូទៅ៣/ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង៤/កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ៦០ឆ្នាំឡើង)។សម្តេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់បន្ថែមលើកម្មវិធីទាំង៤នេះថាកញ្ចប់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រនិងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារនឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្ដងៗចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែ មេសាឆ្នាំ២០២៤តទៅ។នៅក្នុងឱកាសនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាមួយចំនួនផងដែរ៕
Powered by Blogger.