សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)និងផ្លូវតភ្ជាប់ប្រវែង ១.៦៥០ម៉ែត្រក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រនិងប្រវែងផ្លូវតភ្ជាប់ ៨០៤,៣០ម៉ែត្រដែលគ្រោងប្រើរយៈពេលសាងសង់៤២ខែ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៧ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
|
|
នៅក្នុងពិធីនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកត្តាសុខសន្តិភាពជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យក្នុងគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះនៅតែចាត់ទុកផ្លូវជាអទិភាពចម្បងបន្ទាប់ពីមនុស្សព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាជនទៀតផង។ជាក់ស្តែង សារៈសំខាន់នៃស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)នេះ ក្រោយពីបញ្ចប់ការសាងសង់ស្ពាននេះនឹងរួមចំណែកក្នុងការធើ្វសមាហរណកម្មនិងតភ្ជាប់ត្រើយខាងកើតនិងខាងលិចរបស់ទន្លេបាសាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងមួយចំណែករបស់ខេត្តកណ្តាល។ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍និងចំណាយនានាចំពោះការធ្វើដំណើរទៅ-មកឆ្លងកាត់ស្ពានព្រះមុនីវង្សនិងនៅតាមដងទន្លេបាសាក់សម្រួលដល់ការធ្វើដំណើរវាងឆ្ងាយទៅដល់ស្ពានព្រែកសំរោងក្រុងតាខ្មៅនិងការទំនាក់ទំនងសេដ្ឋកិច្ច-សង្គមនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងការតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីកនៅក្នុងតំបន់រាជធានីភ្នំពេញផងដែរ។នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រនិងការតភ្ជាប់ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុងសាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយរត់កាត់ពីលើនិង តភ្ជាប់ជាមួយផ្លូវជាតិលេខ២ ។ ដោយឡែកនៅត្រើយខាងកើត គឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវលេខ១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ឆ្ពោះទៅកាន់តំបន់ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។ក្នុងឱកាសនោះផងដែរ សម្តេចធិបតីបានសម្តែងនូវការអរគុណចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានការជួយជ្រោមជ្រែងនិងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ។លើសពីនេះ កម្ពុជា-ចិន បានសម្រេចឯកភាពកំណត់យកឆ្នាំ ២០២៤ នេះគឺជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន»ដើម្បីលើកកម្ពស់វិស័យទេសចរណ៍និងការតភ្ជាប់រវាងប្រទេសទាំងពីរដោយសម្តេចធិបតី បានមានប្រសាសន៍ផងដែរថាប្រជាជនកម្ពុជាខិតខំកសាងប្រទេសតាំងពីបាតដៃទទេរហូតដល់បច្ចុប្បន្នដើម្បីលើកកម្ពស់ជីវភាពនិងកិត្យានុភាពជាតិឱ្យបានរីកចម្រើន និងថ្កុំថ្កើង ដូចនេះ ការលើកកម្ពស់វិស័យទេសចរណ៍ គឺជាការជំរុញឱ្យភ្នាក់ងារចែកចាយព័ត៌មានដ៏មានសក្តានុពលមួយនេះ ជួយផ្សព្វផ្សាយអំពីកត្តាសន្តិភាព សន្តិសុខ និងសុខុដុមរមនានៅកម្ពុជា ហើយឆ្នាំ២០២៤នេះ ក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន អាស៊ាន-ចិនផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរនិងវិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ។សម្តេចធិបតី បានធ្វើការផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្ដរួមសហការខិតខំបំពេញការងារកាន់តែខ្លាំងក្លាថែមទៀតក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំនិងអភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាពនិងប្រសិទ្ធផល។ជាមួយគ្នា សម្តេចធិបតី បានសំណូមពរដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់សូមស្វ័យទទួលខុសត្រូវជាប្រចាំតាមរយៈការបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, កុំពិសាគ្រឿងស្រវឹងពេលបើកបរ, កុំបើកបរលើសល្បឿនកំណត់ត្រូវចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជាពិសេស ស្នើដល់អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ សូមកុំគេចវេះពីការទទួលខុសត្រូវនិងត្រូវចូលខ្លួនដោះស្រាយតាមនីតិវិធី៕
Post a Comment