ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃនេះ (ថ្ងៃទី២១ខែមករា) ថាប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានបង្ហាញពីឆន្ទៈរបស់លោកក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនៅពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកChoe Son Hui កាលពីសប្តាហ៍មុន។ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)បានដកស្រង់ព័ត៌មានពីការិយាល័យរបស់ជំនួយការរដ្ឋមន្ត្រីការបរទេសថាលោកប្រធានាធិបតីPutinបានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un សម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ។នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីក្នុងរយៈពេលជាងពីរទសវត្សរ៍។
|
|
យោងតាមការិយាល័យជំនួយការរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងនិងម៉ូស្គូបានឈានដល់ការឯកភាពគ្នានៃមតិលើបញ្ហាតំបន់ និងអន្តរជាតិទាក់ទងនឹងឧបទ្វីបកូរ៉េនិងអាស៊ីឦសាន។លើសពីនេះ ប្រទេសទាំងពីរទទួលស្គាល់ថាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី គឺជាបន្ទាយយុទ្ធសាស្ត្រដ៏រឹងមាំក្នុងការការពារសន្តិភាព និងសន្តិសុខអន្តរជាតិក៏ដូចជាការលើកកម្ពស់ការកសាងពិភពលោកពហុភាគី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី ១៩ខែមករាថា ប្រទេសរុស្ស៊ីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីPutinទៅកាន់ប្រទេសកូរ៉េខាងជើង តាមការអញ្ជើញរបស់លោក Kim Jong Un នឹងប្រព្រឹត្តទៅនាពេលខាងមុខ។ លោក Peskov បានបន្ថែមថា ភាគីទាំងពីរបានពិភាក្សាអំពីដំណើរទស្សនកិច្ចនេះ តាមរយៈបណ្តាញការទូត ។ប៉ុន្តែមិនទាន់បានឯកភាពគ្នាអំពីកាលបរិច្ឆេទនិងពេលវេលានៅឡើយទេ។លើកចុងក្រោយដែលលោកPutinធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង គឺក្នុងខែកក្កដា ឆ្នាំ២០០០។ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងកាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកខាងលិចចោទក្រុងព្យុងយ៉ាងថាបានផ្ទេរអាវុធនិងកាំជ្រួចទៅឲ្យរុស្ស៊ី។ទោះយ៉ាងណា រុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងនេះ៕ពុតសាម៉ាត់
Post a Comment