ប្រសាសន៍សម្តេចធិបតីក្នុងពិធី​បិទសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២៣និង​លើកទិសដៅកា​រងារឆ្នាំ២០២៤រ​បស់ក្រសួងព័ត៌​មាន

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​​​បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មានដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដើម្បីពិភាក្សានិងការផ្លាស់ប្តូរយោបល់តាមជំនាញបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់ភាគីពាក់ព័ន្ធនានានិង​អ្នកចូលរួមនឹង​ផ្តល់​ជា​ធាតុចូល​យ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យបានល្អ សំដៅបម្រើ ផលប្រយោជន៍ ឱ្យ​បាន​ច្រើន​​ជា​អតិបរមាជូនជាតិ​មាតុភូមិនៃយើង ។

សម្តេចធិបតីបានធ្វើការគូសបញ្ជាក់ថាវិស័យព័ត៌មានគឺជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើតខ្លឹមសារនិងជាអ្នកចែកចាយនិងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិនិងការបង្ហាញអំពីតថភាពសង្គមនិងការអភិវឌ្ឍ។ជាក់ស្តែង ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសកន្លងមកវិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋទី២. បញ្ជូនព័ត៌មានពិតនិងរហ័សទាន់ពេលទី៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងទី៤. ​​​​ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់និងទី៥. ចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយនិងប្រកបដោយតម្លាភាពនិងជាអ្នកផ្តល់ធាតុចូលក្នុងការរៀបចំគោលនយោបាយក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ។សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មានសេរីភាពនៃបោះពុម្ពផ្សាយ សេរីភាពនៃការការបញ្ចេញមតិដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។បន្ថែមលើនេះរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាតាមរយៈការធានាការគោរព​សិទ្ធិ គ្មានការរើសអើងគ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ជាពិសេស បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់បានទូទាំងប្រទេស ឱ្យបានលឿនរហ័សនិងមានគុណភាពខ្ពស់។សម្តេចធិបតីបានសង្កត់បញ្ជាក់ផងដែរថាក្រមសីលធម៌របស់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ ។ ជាពិសេស មន្ត្រីសារព័ត៌មានតាមបណ្តារាជធានី ខេត្តត្រូវដើរតួជាអ្នកសាធារណ:មតិ ប្រកបដោយភាព បុរេសកម្មជាប្រចាំ ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលវិជ្ជមានដែលរាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្តបានកសាង និងសម្រេចបាន ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅជាមួយស្នាដៃដែលបានកសាង និងសម្រេចបាន ទាំងនេះ។ក្នុងឱកាសនោះផងដែរសម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មានដែលបានអនុវត្តភារកិច្ចប្រកប​ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈ ក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាននិងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងរហ័សទាន់សភាពការណ៍ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា ។ ទន្ទឹមនេះ សម្តេចធិបតីក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា, ជាពិសេសស លទ្ធផលការងារក្នុងរយៈពេលជិត ៥ ខែដំបូង របស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន និងកំពុងជំរុញប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាពប្រសិទ្ធភាព និងបុរេសកម្ម ។ លើសពីនេះ សម្តេចធិបតី ក៏បានសម្តែងនូវការដឹងគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានដឹកនាំក្រសួងព័ត៌មាន បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលជាង២ទសវត្សរ៍ កន្លងមក និងថែមទាំងបានបណ្តុះបណ្តាលមន្រ្តីជាច្រើនរូប​ឱ្យក្លាយជាថ្នាក់ដឹកនាំ និងមន្រ្តីបន្តវេនដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Powered by Blogger.