សម្តេ​ចធិបតី៖ទទួលស្គាល់កំណែ​ទម្រង់ជោគ​ជ័យគឺផ្អែកទៅ​លើកត្តា៤

 សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា កំណែទម្រង់ ដែលទទួលបានជោគជ័យ ហើយមានការទទួលស្គាល់ និងមានចីរភាពនោះគឺផ្អែកលើកត្តា៤ដោយត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងឈរលើមូលដ្ឋានច្បាស់លាស់។ 

សម្តេចធិបតីបានថ្លែងថា កំណែទម្រង់ដែលទទួលបានជោគជ័យនិងការធ្វើកំណែទម្រង់មិនមែនងាយស្រួលទេ។ប៉ុន្តែកំណែទម្រង់ដែលជោគជ័យគឺត្រូវការកត្តា៤ធំៗ ទី១៖គឺត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់ផ្អែកទៅលើផលប្រយោជន៍ជាតិនិងប្រជាជន ។ ទី២៖គឺការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តន៍។ជាពិសេសថ្នាក់ ដឹកនាំដែលមានឆន្ទៈខ្ពស់នៅក្នុងការធ្វើកំណែទម្រង់១០ឆ្នាំនៃការប្រឡងនេះ ទី១៖នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានគាំទ្រដាច់ណាត់ចំពោះកំណែទម្រង់ការប្រឡងនេះហើយទី២៖គឺអ្នកអនុវត្តន៍ ។ ទី៣៖ការចូលរួមពីគ្រប់ភាគីទាំងអស់ជាពិសេសប្រជាពលរដ្ឋ គ្រួសារ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សខ្លួនឯង និងទី៤ គឺការលះ បង់ដើម្បីផលប្រយោជន៍រួម ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «ការជំនួសវប្បធម៌ប៉ុន្មានដែលខ្ញុំបាននិយាយនេះឈានទៅដល់វប្បធម៌ថ្មី និងទស្សនៈថ្មីទាក់ទងនឹងការប្រឡងនេះគឺជាការលះបង់មួយហើយ។ បើគ្មានការលះបង់ទេយើងមិនអាចធ្វើកំណែទម្រង់បានទេ ។ អីចឹងកត្តា៤នេះដែលធ្វើឱ្យភាពជោគជ័យនៃការរៀបចំនូវបរិស្ថាននៃការប្រឡងបាក់ឌុប១០ឆ្នាំមកនេះធ្វើបានជោគជ័យ»។សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាមកដល់ម៉ោងនេះប្រសិនបើឱ្យប្រជាពលរដ្ឋធ្វើប្រជាមតិថាតើក្រសួងអប់រំនិងគណៈកម្មការបន្តធ្វើការងាររៀបចំឱ្យមានសុក្រឹត្យភាពនៃការប្រឡងដូចសព្វថ្ងៃនេះសម្ដេចជឿជាក់ថាប្រជាពលរដ្ឋដ៏លើសលប់នឹងគាំទ្រដល់យន្តការទាំងនេះ។ការលើកឡើងរបស់សម្តេចធិបតីបែបនេះក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេសAចំនួន១៦៩១នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ៕


Powered by Blogger.