សម្តេចធិ​បតី៖វិស័យកសិកម្ម​នៅតែ​បន្តភាពរឹងមាំក្នុងការ​បន្ធូរបន្ថយភា​ពតាន​តឹងផ្នែក​​សេដ្ឋកិច្ច

 សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាវិស័យកសិកម្មរបស់កម្ពុជានៅតែបន្តភាពរឹងមាំនិងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច។ជាពិសេសធានាបាននូវសន្តិសុខស្បៀងបញ្ចៀសបាននូវវិបត្តិស្បៀងអាហារនិងកាត់បន្ថយបញ្ហាអតិថរណានៃតម្លៃស្បៀងក្នុងប្រទេសទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាស្មុគស្មាញខាងផ្នែកភូមិសាស្ត្រនយោបាយដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ការលើកឡើងរបស់សម្ដេចធិបតីក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយមួយចំនួនសំដៅជំរុញ សេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយនឹងកំណើន៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថា អាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ខណៈពេលដែលពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារនិងការព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលញ៉ាំងឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តីក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣កន្លងទៅនេះក្នុងនោះជាក់ស្តែងអនុវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនប្រមាណ ៦% ជាងឆ្នាំ២០២២ ដែលក្នុងនោះដំណាំស្រូវបាន ១២,៤៩ លានតោន អតិរេកចំនួន ៦,៩៩ លានតោន។ជាងនេះទៅទៀតនោះកម្ពុជាបាននាំចេញផលិតផលកសិកម្មបានជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់ លានដុល្លារអាមេរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% ជាងឆ្នាំ២០២៣។សម្ដេចធិបតីបានបន្ដទៀតថាអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺប្រជាកសិករនៅទូទាំងប្រទេសសប្បាយរីករាយដោយសារ ប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបានក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សនិងការបង្ក្រាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈដោយសម្តេចបានអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងការទទួលផលជាវិជ្ជមានលើកទី១ រវាងការកើតនិងការស្លាប់របស់សត្វផ្សោតទន្លេមេគង្គនៅក្នុងឆ្នាំ២០២៣កន្លងទៅព្រមទាំងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះនិងកម្រទៅក្នុងធម្មជាតិហើយសម្តេចក៏សង្ឃឹមថាស្មារតីបែបនេះនឹងបន្តអនុវត្តន៍នៅក្នុងស្រទាប់ប្រជាពលរដ្ឋរបស់យើង អង្គភាពនិងស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមចំណែកនៅក្នុងការថែរក្សាធនធានរបស់យើង៕

Powered by Blogger.