គណៈរដ្ឋមន្ត្រីប៉ាគីស្ថានបានប្រកាសបញ្ចប់ភាពតានតឹងនៅតាមព្រំដែនជាមួយអ៊ីរ៉ង់ដោយគាំទ្រដល់ការស្តារឡើងវិញទាំងស្រុងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
|
ភាពតានតឹងរវាងប៉ាគីស្ថាននិងអ៊ីរ៉ង់កើនឡើងបន្ទាប់ពីប្រទេសទាំងពីរបានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី ១៦ និង ១៨ ខែមករា។ រូបថត៖ REUTERS |
កាលពីថ្ងៃទី១៩ខែមករាទីភ្នាក់ងារសារព័ត៌មាន Reutersបានដកស្រង់សេចក្តីរាយការណ៍ពីប៉ុស្តិ៍ទូរទស្សន៍Geo TV បញ្ជាក់ថាគណៈរដ្ឋមន្ត្រីប៉ាគីស្ថានសម្រេចបញ្ចប់ការខ្វែងគំនិតគ្នារវាងប្រទេសនេះនិងអ៊ីរ៉ង់ដែលនាំឱ្យប្រទេសទាំងពីរបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក(Drone)ចូលទៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកនាពេលកន្លងមក។ លើសពីនេះ គណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Anwaar ul Haq Kakarក៏គាំទ្រដល់ការបង្កើតទំនាក់ទំនងការទូតពេញលេញឡើងវិញជាមួយអ៊ីរ៉ង់ផងដែរ។កាលពីថ្ងៃទី ១៩ ខែមករា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amirabdollahian ។នៅទីនេះ លោក Jilani បានបង្ហាញពីបំណងចង់ធ្វើការជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយ "រាល់បញ្ហា" នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។"រដ្ឋមន្ត្រីការបរទេស Jilaniបានសម្តែងការត្រៀមខ្លួនរបស់ប៉ាគីស្ថានក្នុងការធ្វើការជាមួយអ៊ីរ៉ង់ដើម្បីដោះស្រាយបញ្ហាទាំងអស់ក្នុងស្មារតីនៃការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការ។លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងបញ្ហាសន្តិសុខ" ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់។សម្រាប់លោក Amirahmadian បានចែករំលែកថា"អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសប៉ាគីស្ថានគឺជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះយើង។ កិច្ចសហប្រតិបត្តិការទ្វេភាគីមានសារៈសំខាន់ក្នុងការបន្សាប និងបំផ្លាញមូលដ្ឋានភេរវករនៅក្នុងទឹកដីរបស់យើង"។ភាពតានតឹងនេះបង្ហាញយ៉ាងច្បាស់ពីអស្ថិរភាពដែលបាននិងកំពុងរាលដាលនៅមជ្ឈិមបូព៌ាចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣៕
Post a Comment