កម្ពុជា​-ថៃនឹងកាន់តែល្អរឹងមាំ​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរលើ​គ្រប់វិស័យ

 សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២៤នេះបានអនុញ្ញាតឱ្យលោកឆឺតកៀត អាត់ថាកនឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួបនេះលោកឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ។ឯកអគ្គរាជទូតបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃនាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ទនឹ្ទមនឹងនេះឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនលោកនាយករដ្ឋមន្ត្រីថៃក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនិងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោកឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត ។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម ៕


Powered by Blogger.