ឯកឧ​ត្តមអភិសន្តិបណ្ឌិតស សុ​ខា៖អ្នកនឹងក្លាយជាឃា​តករ​បើនៅតែ​បើកបរក្រោមឥទ្ធិព​លនៃគ្រឿងស្រ​វឹង!

 ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ឯកឧត្តម ក្រោមចំណងជើងថា “អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង​ដោយមានអត្រាជាតិអាល់កុលចាប់ពី​០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី០,៨០​ក្រាមក្នុងមួយលីត្រឈាមឡើងទៅ​​ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់​ជាដើមនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​២​ទៅ​៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់និងសំណងរដ្ឋប្បវេណីនៅឡើយទេ។ ជាមួយគ្នានេះ​ សម្ដេចធិបតី​នាយកដ្ឋមន្ត្រី​នៃកម្ពុជា​បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់​និងប្រកបដោយភាពម៉ឺងម៉ាត់​ឱ្យឃាត់ខ្លួន​និងវាយខ្នោះជាបន្ទាន់​រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស​ឬស្លាប់ខណៈក្រសួងមហាផ្ទៃក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យឬBlack Listកត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស​ឬស្លាប់។ 

យ៉ាងណាក៏ដោយ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែតជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះបន្តកើតមានឥតលោះថ្ងៃ។ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទៀត ករណីគ្រោះថ្នាក់ចរាចរណ៍និងគ្រឿងស្រវឹងបានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងនោះត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។ខ្ញុំមានសេចក្ដីសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹងតាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស!សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស!



Powered by Blogger.