កាលពីថ្ងៃពុធព្រះមហាក្សត្រនរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យយាងចុះសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយដល់ពលរដ្ឋប្រមាណជាង៥០០គ្រួសារជាកសិករដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
|
|
ក្នុងព្រះរាជដំណើរបំពេញបេសកកម្មមនុស្សធម៌ព្រះមហាក្សត្របានយាងសំណេះសំណាលពលរដ្ឋនៅតាមលំនៅឋានដោយផ្ទាល់ ដើម្បីឈ្វេងយល់ពីសុខទុក្ខនិងទតពីស្ថានភាពរស់នៅជាក់ស្ដែងរបស់ពួកគេ។ ពលរដ្ឋទាំងនោះជាកសិករដែលធ្លាប់បានរងពីការបំផ្លិចបំផ្លាញផលដំណាំដោយគ្រោះធម្មជាតិ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេជួបការលំបាក។គ្រួសារនីមួយៗបានទទួលព្រះរាជអំណោយអង្គរ៥០គីឡូក្រាម ត្រីខ១០កំប៉ុង មីពីរកេស ព្រមទាំងព្រះរាជអំណោយមុង ភួយ ក្រមា សារុង អាវយឺត អាវរងារ ស្បែកជើង និងថវិកាពីរម៉ឺនរៀលពីព្រះមហាក្សត្រ។ជាមួយនឹងគ្នានោះ ព្រះមហាក្សត្រក៏បានជួបសំណេះសំណាលនិងប្រទានអំណោយអាវ មុង ភួយ ក្រមា សារុង និងថវិកាពីរម៉ឺនរៀលដល់លោកគ្រូអ្នកគ្រូចំនួន១៤នាក់នៅសាលាបឋមសិក្សាថាន់គឹមស៊ន ដើម្បីទំនុកបម្រុងជីវភាពរបស់ពួកគេ។ ចំណែកសិស្សានុសិស្សប្រមាណ៤៥០នាក់បានទទួលព្រះរាជអំណោយសម្លៀកបំពាក់និងសម្ភារៈសិក្សាមួយចំនួន។ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសម្ដែងភាពសប្បាយរីករាយដោយបានជួបប្រជាពលរដ្ឋ ដែលព្រះអង្គចាត់ទុកជាយាយតា ជាម្ដាយឪពុក ជាបងប្អូន ជាកូន និងជាចៅៗ របស់ព្រះអង្គ។ ក្នុងឱកាសនោះ ព្រះមហាក្សត្របាននាំព្រះរាជបណ្ដាំសួរសុខទុក្ខពីសម្ដេចម៉ែជូនចំពោះពលរដ្ឋនៅទីនោះផងដែរ។ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ «សម្ដេចព្រះរាជមាតានិងខ្លួនខ្ញុំតែងតែមានហឫទ័យយកចិត្តទុកដាក់ជាដរាបចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស។ នៅពេលបានដឹងថាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សម្ដេចព្រះរាជមាតានិងខ្លួនខ្ញុំបាននាំមកនូវអំណោយជូន»។ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ព្រះរាជាណាចក្រកម្ពុជាមានភ័ព្វសំណាងយ៉ាងក្រៃលែងដែលមានវត្តមានលោក ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុតរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសបានទទួលសន្តិភាព មានស្ថេរភាពនយោបាយ ស្ថេរភាពសង្គម ព្រមទាំងការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស។ព្រះអង្គបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាកំពុងបន្តដំណើរទៅមុខយ៉ាងខ្លាំងបំផុត ហើយរដ្ឋាភិបាលដឹកនាំសង្គមជាតិទាំងនៅទីក្រុង ក៏ដូចជានៅជនបទបានទទួលសេចក្ដីសុខ សន្តិភាព និងកាអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ព្រះមហាក្សត្រ នរោត្តម សីហមុនី បានកោតសរសើរចំពោះអភិបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំបំពេញភារកិច្ចការងារទាំងឡាយជូនប្រជារាស្រ្តប្រកបដោយជោគជ័យនៅទូទាំងខេត្ត។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នេះជាព្រះរាជហឫទ័យយកចិត្តទុកដាក់របស់ព្រះមហាក្សត្រចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រ។
យោងតាមអភិបាលខេត្តកំពង់ស្ពឺ ការបំពេញព្រះរាជកិច្ចក្នុងសកម្មភាពមនុស្សធម៌របស់ព្រះអង្គ ដែលបានយាងជួបពលរដ្ឋដោយផ្ទាល់ដល់មូលដ្ឋាននេះ ជាសក្ខីភាពមួយបង្ហាញថា ទុក្ខលំបាកប្រជារាស្ត្រជាទុក្ខលំបាករបស់ព្រះមហាក្សត្រ ហើយទុក្ខលំបាករបស់ប្រជារាស្ត្រក៏ជាទុក្ខលំបាករបស់រដ្ឋាភិបាល។លោកបានបន្ថែមថា៖ «ព្រះមហាក្សត្រចុះជួបពលរដ្ឋដោយផ្ទាល់ គឺចង់ឈ្វេងយល់ពីសុខទុក្ខនិងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាឬសំណូមពរផ្សេង ព្រះមហាក្សត្ររកវិធីសាស្ត្រដោះស្រាយបញ្ហាជូនពួកគាត់តាមរយៈការដាក់ព្រះរាជបញ្ជាទៅរដ្ឋាភិបាលអនុវត្តជាដើម»។លោកបានបញ្ជាក់ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងសួរសុខទុក្ខនិងប្រទានអំណោយដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាសម្ពោធសមិទ្ធផលផ្សេងៗក្នុងខេត្តកំពង់ស្ពឺបានចំនួន២៤លើកមកហើយ។ព្រះរាជកិច្ចមនុស្សធម៌របស់ព្រះមហាក្សត្រត្រូវបានគេមើលឃើញថា ជាការចូលរួមចំណែកដ៏សំខាន់ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ស្ថាប័នជាតិ និងសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងការសង្គ្រោះពលរដ្ឋទីទ័លក្រ ពលរដ្ឋរងគ្រោះដោយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួតជាដើម៕
Post a Comment