ប្រសាស​ន៍សម្តេចធិបតីក្នុងពិធីអប​អរសាទរខួបអនុស្សាវរីយ៍លើ​កទី២៥ឆ្នាំ​នៃការបង្កើតបញ្ជាកា​រដ្ឋានកងទ័ព​ជើងគោក

 ប្រសាសន៍សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថានៅគ្រប់កាលៈទេសៈកងទ័ពជើងគោកតែងតែទ្រទ្រង់ថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិសណ្ដាប់ធ្នាប់សង្គមដែលស័ក្ដិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិដែលជាកម្លាំងស្នូលរបស់ជាតិ។ជាពិសេសបានចូលរួមគ្រប់ដំណាក់កាលទាំងអស់រាប់តាំងពីការរំដោះជាតិចេញពីរបបខ្មែរក្រហម រហូតដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ការលើកឡើងរបស់សម្ដេចធិបតីបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៥ ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

សម្ដេចហ៊ុន ម៉ាណែត បានថ្លែងថាកងទ័ពជើងគោកបានចូលរួមនៅគ្រប់ដំណាក់កាលទាំងអស់ តាំងពីមុនឆ្នាំ១៩៩៩ក្នុងនោះរាប់តាំងពីដំណាក់កាលរំដោះជាតិចេញពីរបបខ្មែរក្រហមដំណាក់កាលការពារនិងទប់ស្កាត់ការវិលត្រឡប់នៃរបបខ្មែរក្រហម ដំណាក់កាលអនុវត្តន៍នយោបាយសន្តិភាពវូបនីយកម្ម ដំណាក់កាលអនុវត្តន៍ នយោបាយ ឈ្នះ ឈ្នះ និង ដំណាក់កាលកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។សម្ដេចធិបតីបញ្ជាក់ថា ខួបអនុស្សាវរីយ៍២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកប្រារព្ធឡើងនៅក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យហើយកំពុងឈានទៅប្រកបដោយភាពជោគជ័យលើមាគ៌ាសុខសន្តិភាពនិងការអភិវឌ្ឍជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាជាច្រើនលើឆាកអន្តរជាតិ។ទន្ទឹមនេះប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយសេចក្តីសុខនិងផ្លែផ្កានៃសុខសន្តិភាព។សម្តេចធិបតីក៏បានអបអរសាទរចំពោះសកម្មភាពរស់រវើករបស់ថ្នាក់ដឹកនាំមេបញ្ជាការគ្រប់លំដាប់ថ្នាក់ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៅក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍន៍កម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អង់អាចក្លាហានមានវិន័យនិងសេចក្តីថ្លៃថ្នូរនៅគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ថែរក្សាសុខសន្តិភាពស្ថិរភាពជាតិសណ្ដាប់ធ្នាប់សង្គមដែលសាកសមជាទីពឹងរបស់ប្រជាជននិងសង្គមជាតិទាំងមូល។សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកនិងបានសរសើរដោយស្មោះចំពោះសមត្ថភាពប្រកាន់ជាប់នូវតួនាទីភារកិច្ចដែលសម្រេចបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើន ចាប់តាំងពីការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកតាំងពីឆ្នាំ១៩៩៩៕ 

Powered by Blogger.