ក្រសួងម​​ហា​ផ្ទៃចេញសេ​ចក្តីប្រកាសបដិ​សេ​ធចំពោះការចុះផ្សាយព័ត៌​មានរបស់សារព័​ត៌មានអនឡាញTheCamb​odia Daily

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily ដែលខ្លឹមសារយ៉ាងដូច្នេះថា ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណមតិជាតិ-អន្តរជាតិ ជ្រាបថា ថ្មីៗនេះសារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា«មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាលបង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ»ដោយចុះផ្សាយថា“មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូបមិនសប្បាយចិត្ត....។

អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើការបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះនិងសូមបញ្ជាក់ជូនថាព័ត៌មានដែលមានចរិតញុះញង់បង្កប់ដោយកលល្បិចនេះគ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យនិងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនាធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ព័ត៌មានអុចអាលដ៏អសីលធម៌នេះមិនមែនទើបកើតមាននាពេលនេះទេ។ប៉ុន្តែផ្ទុយទៅវិញការផ្សព្វផ្សាយបែបនេះធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាហូរហែមកហើយតាំងពីដើមទស្សវត្សឆ្នាំ៨០។ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែងនិងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនា ញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ពួកគេម្តងណាឡើយ។ផ្ទុយទៅវិញគំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យក្រុមរបស់ខ្លួនឯងវិញនូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយរហូតមកដល់បច្ចុប្បន្ន៕



Powered by Blogger.