គណបក្សប្រជា​ជន​កម្ពុជា​​ផ្លាស់ប្ដូរ​Logo​ថ្មី​​ដោ​យ​បន្ថែម​រូបសម្តេច​ហ៊ុន​​ ​ម៉ា​ណែ​ត​ ​

 ​គណបក្សប្រជាជន​កម្ពុជា​(CPP)សម្រេច​ផ្លាស់ប្ដូរ​ ​Logo​ថ្មី​ដោយ​បន្ថែម​រូបថត​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែត​សម្រាប់​ប្រារព្ធ​ខួប​៤​៥​ ​នៃ​ទិវា​ជ័យ​ជម្នះ​ ​៧​មករា​និង​សម្រាប់​ការ​ឃោសនាបោះឆ្នោត​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជាតិ​ខាង​មុខ​។​​ខុទ្ទ​ការិយាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ជូនដំណឹង​ថា​ ​គណបក្ស​សម្រេច​ផ្លាស់ប្ដូរ​ ​Logo​ ​ថ្មី​ដែល​មាន​​​រូប​ថ្នាក់​ដឹកនាំ​ចំនួន​៣​រូប​​រួម​មាន​សម្តេចហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​និង​មាន​អនុប្រធាន​គណបក្ស​ចំនួន​២​រូប​ ​គឺ​សម្តេច​ហេង​ ​សំ​រិន​ ​និង​សម្តេច​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

​រូបភាព​ ​Logo​ ​ថ្មី​របស់​គណបក្សប្រជាជន​សម្រាប់​ថ្ងៃ​ ៧​ ​មករា​។​រូបភាពCPP/KhmerTimes

ខុទ្ទ​ការិយាល័យ​បន្ថែម​ថា​ ​កា​រដាក់​ឱ្យ​ប្រើប្រាស់​ ​Logo​ ​ថ្មី​ខាង​លើ​នេះ​ ​សម្រាប់​ប្រារព្ធ​ខួប​៤​៥​ ​នៃ​ទិវា​ជ័យ​ជម្នះ​ ​៧​មករា​ ​ឆ្នាំ​២​០​២​៤​ ​និង​ប្រើប្រាស់​សម្រាប់​ការឃោសនាបោះ​ឆ្នោត​ទាំង​សាកល​និង​អ​សកល​នា​ពេល​ខាងមុខ​។​សូមជម្រាបជូនថាកាល​សម្តេចជា​ ​ស៊ីម​ ​អតីតប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មាន​ជីវិត​​គណបក្ស​កាន់អំណាច​មួយ​នេះ​ ​បាន​ប្រើប្រាស់​ ​Logo​ ​ដោយមាន​​​រូបសម្តេច​ ​ហេង​ ​សំ​រិន​ ​សម្តេចជា​ ​ស៊ីម​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ធ្វើ​ការឃោសនា​បោះឆ្នោត​ ​រម្លឹក​ខួប​អនុ​ស្សា​វ​រី​យ៍​របស់​គណបក្ស​ ​និង​ប្រារព្ធ​ទិវា​ជ័យ​ជម្នះ​ ​៧​មករា​ ​ជាដើម​។​​ក្រោយ​ពី​សម្តេច​ ​ជា​ ​ស៊ីម​ ​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៥​ ​គណបក្សប្រជាជន​កម្ពុជា​ ​សម្រេច​ដក​រូបលោក​ ​ជា​ ​ស៊ីម​ ​ចេញ​ពី​ ​Logo​ ​ដោយ​រក្សា​ត្រឹម​តែ​រូប​សម្តេច​ហេង​ ​សំ​រិន​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ដែល​ឡើង​ពី​អនុប្រធាន​ ​ទៅជា​ប្រធាន​គណបក្ស​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៥​។​គិត​ចាប់ពី​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​គណបក្សប្រជាជន​កម្ពុជា​ ​សម្រេច​ប្រើប្រាស់​ ​Logo​ ​ថ្មី​ដោយ​បន្ថែម​រូបសម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​និង​ជា​នាយករដ្ឋមន្ត្រី​ ​ដើម្បី​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ប្រើប្រាស់​ជា​ផ្លូវការ​។​​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ឥ​សាន​ ​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​កា​រដាក់​ឱ្យ​ប្រើប្រាស់​ ​Logo​ ​ថ្មី​ដោយ​បន្ថែម​រូបសម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មិន​មាន​ការ​ជំទាស់​ផ្ទៃក្នុង​របស់​គណបក្ស​នោះ​ទេ​ ​ព្រោះ​អ្វីៗ​ដែល​គណបក្ស​បាន​ធ្វើ​ ​គឺ​សុទ្ធតែ​មានការ​ឯកភាព​ផ្ទៃក្នុង​គណបក្ស​ទាំង​មូល​។​​លោក​បន្ត​ថា​ ​កាលពី​ថ្មីៗ​នេះ​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទើប​តែ​ត្រូវ​បាន​គណៈកម្មាធិការកណ្ដាល​នៃ​គណបក្ស​សម្រេច​តែងតាំង​ជា​អនុប្រធាន​គណបក្ស​។​ដូច្នេះ​ការ​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់​ ​Logo​ ​ថ្មី​ខាងលើ​នេះ​ ​គឺជា​សិទ្ធិ​របស់​គណបក្ស​ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មហាជន​ ​និង​ប្រជាជន​បាន​ដឹង​ ​ជាពិសេស​ជា​ការ​សំណូមពរ​ចាំបាច់​របស់​គណបក្ស​ដែល​សម្តេច ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជា​មេដឹកនាំ​វ័យក្មេង​ដែល​ត្រូវ​បន្តវេន​។​លោក​ ​សុខ​ ​ឥ​សាន​ ​បន្ថែម​ថា​ ​មូលហេតុ​ដែល​គណបក្ស​មិន​ដាក់​រូប​អ្នកនយោបាយ​តស៊ូ​ចាស់​វស្សា​ឬ​អ្នក​នយោបាយ​តស៊ូ​ចេញពី​របប​ខ្មែរក្រហម​ ​ឬក៏​អនុប្រធាន​គណបក្ស​ផ្សេង​ទៀត​ ​ដោយសារ​អ្នក​ទាំងនោះ​មាន​វ័យ​ចំណាស់​ ​ដែល​គណបក្ស​ត្រូវ​រៀបចំ​ឥស្សរជន​វ័យក្មេង​ឈាម​ថ្មី​ ​ដើម្បី​បន្តវេន​។​លោក​បញ្ជាក់​ថា​៖​ ​«​យើង​បាន​ដឹង​ហើយ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​ពី​អ្នកចាស់​ ​ផ្លាស់​មក​ឈាម​ថ្មី​នៅ​គ្រប់​ក្រសួង​ ​ស្ថាប័ន​របស់​រដ្ឋ​ ​អ៊ីចឹង​ផ្ទៃក្នុង​របស់​គណបក្ស​ក៏​គេ​ត្រៀម​ដែរ​ ​ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ត្រៀមលក្ខណៈ​បន្តវេន​ដឹកនាំ​គណបក្ស​ទៅមុខ​ទៀត​ […] ​និង​ស្របតាម​សភាពការណ៍​ថ្មី​»​។​លោក​បន្ត​ថា​ ​ការ​បន្ថែម​រូបសម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់តែ​មាន​ប្រជាប្រិយភាព​ ​ព្រោះ​កាល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​កាលពី​ខែ​កក្កដា​ ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​ប្រជាប្រិយភាព​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ ​ដែល​បាន​ជាប់ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​។​លោក​ ​សុខ​ ​ឥ​សាន​ ​បន្ថែម​ថា​ ​ការ​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​បែប​នេះ​ ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រជាប្រិយភាព​របស់​ឥស្សរជន​វ័យក្មេង​ ​ដូច្នេះ​កា​រដាក់​រូបសម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បន្ថែម​នៅ​លើ​ ​Logo​ ​ថ្មី​ក៏មាន​ឥទ្ធិពល​សម្រាប់​ការបោះឆ្នោត​អ​សកល​នា​ថ្ងៃខាងមុខ​ផង​ដែរ​៕


Powered by Blogger.