សម្ដេចធិបតីហ៊ុន ម៉ាណែតបានចេញទៅប្រទេសជប៉ុនហើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៥ធ្នូនេះ បានចាកចេញទៅប្រទេសជប៉ុនហើយដើម្បីអញ្ជើញចូលរួមប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុននិងអបអរសាទរឆ្នាំទី៥០នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូឆ្នាំ២០២៣។ ការអញ្ជើញរបស់សម្ដេចធិបតីនេះតបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ក្នុងឱកាសស្នាក់នៅទីក្រុងតូក្យូ សម្ដេចធិបតី ទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់៖
១.សមាគមជប៉ុន-កម្ពុជា
២.លោកសាស្ត្រាចារ្យបណ្ឌិត អ៊ីស៊ីសាវ៉ា យ៉ូស៊ីអាគី ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា
៣. ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដាក់ យ៉ូស៊ីហ៊ិដិ អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន
៤. លោក យូគិ ហ៊ិសា ហ្វូជិតា(Yuki Hisa Fujita) សមាជិកព្រឹទ្ធសភាជប៉ុន
៥. សមាគមមិត្តភាពសភាជប៉ុន-កម្ពុជា
៦. លោក ម៉ីស៊ីគូរ៉ូ ណូរ៉ិហ៊ិកុ (ISHIGURO Norihiko) ប្រធាន និងនាយកប្រតិបត្តិ អង្គការ ចេត្រូJapan External Trade Organization (JETRO)និងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនវិនិយោគធំៗរបស់ជប៉ុន ដែលវិនិយោគលើវិស័យឧស្សាហកម្ម គ្រឿងយន្ត គ្រឿងបង្គំអេឡិចត្រូនិច ខ្សែចរន្តអគ្គីសនីសម្រាប់រថយន្ត ឧស្សាហកម្មចំណីអាហារ ផ្សារទំនើប ភស្តុភាកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាននិងឌីជីថល កសិឧស្សាហកម្ម និងទីផ្សារឌីជីថល បានចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ផងដែរ ដូចជា៖ ១. ក្រុមហ៊ុន Yazaki Wiring System, ២. ក្រុមហ៊ុន សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ៣. ក្រុមហ៊ុន Sumitomo Corporation ៤. ក្រុមហ៊ុន Pharma Foods International ៥. ក្រុមហ៊ុន Ehime Package និងក្រុមហ៊ុនHyogo Pulp Indus try ៦. ក្រុមហ៊ុន Kojima Holding Co.,Ltd, ៧. ក្រុមហ៊ុន Minebea Mitsumi, ៨. ក្រុមហ៊ុន Meiji Co.,Ltd និងក្រុមហ៊ុន Meiji Holding Co.,Ltd, ៩. ក្រុមហ៊ុន Sumi (Cambodia) Wiring System s Co.,Ltd, ១០. ក្រុមហ៊ុន Toyota Tsusho Manufacturing , ១១. ក្រុមហ៊ុន AEON Mall Co.,Ltd, ១២, ក្រុមហ៊ុន NTT DOCOMO, INC. ១៣. ក្រុមហ៊ុន DMG MORI Co.,Ltd, ។សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងអញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីមួយចំនួន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជានិងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍
ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាននិងជប៉ុនដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួមស្ដីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួន៣ រួមមាន៖ (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគតនិង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំង២នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភនិងផលប្រយោជន៍រួម ផងដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតលើវិស័យឌីជីថល ធនាគារ និងថាមពល។សម្ដេចធិបតីក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី(AZEC)ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពលនិងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។ទន្ទឹមនេះ សម្ដេចធិបតី នឹងមានជំនួបអាហារការងារពេលព្រឹកជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានជំនួបទ្វេភាគីជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។សម្ដេចធិបតីក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ៕
Post a Comment