នាព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមពិធី“បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ប្រវែង៣៥០ម៉ែត្រនិងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿងក្រោមឥណទានសម្បទាននិងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន”។គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំនិងនាំឱ្យសមត្ថភាពផែសរុបកើនដល់១២៥០ ០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។កម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ការណ៍នេះ នឹងក្លាយជាកាតាលីករថ្មីបន្ថែម ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
|
|
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់ ។សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងថា ឆ្នាំ នេះជាឆ្នាំពិសេសនៃខួបទំនាក់ទំនងកម្ពុជា-ជប៉ុន ខួបទី៧០ ហើយឆ្នាំនេះមានលក្ខណៈពិសេស២គឺទី១ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងជប៉ុននិងទី២គឺការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនលើគ្រប់វិស័យ។ក្នុងរយៈពេល១១ខែឆ្នាំ២០២៣បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។បន្ថែមពីនេះបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០២២។ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧%ប្រកបដោយចីរភាពក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩និងវិបត្តិសាកលនិងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ២០២៣និង៨%ក្នុងឆ្នាំ២០២៤ដោយសារការបន្តនិន្នាការកើនទ្បើងនៃសកម្មភាពដឹកជញ្ជូននិងគមនាគមន៍៕
|
|
Post a Comment