ឯកឧ​ត្តម​អភិសន្តិបណ្ឌិតស សុខាប្រកាសបណ្ដេញ​ពី​ក្របខ័ណ្ឌ​ប្រសិនមន្រ្តីក្រសួង​មហាផ្ទៃរូប​ណាបា​នបង្កគ្រោះថ្នាក់ចរាចរ​ណ៍ហើយ​បន្តបើករត់​ដោយមិនចូលសា​រភាព!

 ខេត្តព្រះសីហនុ៖ពីវេទិកាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់។ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!»។ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ ឯកឧត្តមបន្ថែមថា «ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់»។ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជាវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិតប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា «ឱ្យតែគេចង់រក គឺមិនពិបាកទេ! ដូច្នេះហើយយើងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារថា បើមិនចង់ឱ្យខូចអនាគតកូនខ្លួនឯងទេត្រូវតែនាំមកសារភាពទោសកំហុស...»។ភ្ជាប់នឹងករណីបុករត់នេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះឯកឧត្តមបានកត់សម្គាល់ថាមន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។ ឯកឧត្តម បានបន្ថែមថា«សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ»។ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង ២ ៧០០ នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន១០៩នាក់ និងរបួស១៦៨នាក់។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ៕រ៉េន រតនៈ





















































រូបភាព ៖សាន់ ផានិត និង សុខ ជួបរិទ្ធីបញ្ហា

Powered by Blogger.