ឯកសារចំនួន៣គ្រោងនឹងអ​នុម័តក្នុងកិច្ចប្រជុំកំពូល​មេគង្គ-ឡានឆាង​លើក​ទី៤ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣ខាងមុខ

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា«ឯកសារចំនួន៣គ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤រួមមាន៖១៖ សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ២៖ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០២៣-២០២៧) និង៣៖គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

បើតាមសេចក្តីប្រកាសព័ត៌មានសម្តេចមធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ខែធ្នូឆ្នាំ២០២៣តាមប្រព័ន្ធវីដេអូតបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំគឺនាយឧត្ដមសេនីយ៍មីនអោងឡាំងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។អញ្ជើញអមសម្ដេចធិបតី រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃរាជរដ្ឋាភិបាល។ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការនិងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមកក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។សេចក្តីប្រកាសព័ត៌មានបន្តថាកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាងដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅមុខបន្ថែមទៀតតាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាព៥ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕


Powered by Blogger.