ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ“របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២”នាព្រឹកថ្ងៃអង្គារទី២៦ខែធ្នូឆ្នាំ២០២៣នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថានេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យនិងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់និងច្បាស់លាស់សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិឱ្យមានលក្ខណៈមុតស្រួចនិងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ ។សម្តេចធិបតី បានបន្តថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទីនិងជាត្រីវិស័យសម្រាប់យើង។ហើយបើយើងមិនមានទិន្នន័យយើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ។ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ ។
|
|
ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម ៖ទី១. សូមស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួននិងសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ទី២. ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ចនិងការអង្កេតសំខាន់ៗពាក់ព័ន្ធនានាដោយធានាឱ្យបាននូវការប្រមូលទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ដើម្បីធានាបាននូវភាពតំណាងល្អសំណាកគំរូត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប ។ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា៖ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ ដើម្បីលើកកម្ពស់ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម ក៏ដូចជាដើម្បីជាធាតុចូលសម្រាប់គ្រប់ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។ទី៤. ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។ទី៥. ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង ។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈ៖ ១/ ការរើសមន្ត្រីដោយសុក្រឹតភាព និងគុណាធិបតេយ្យ២/ ការកែទម្រង់ផ្ទៃក្នុង និង៣/ ការរៀបចំប្រព័ន្ធលើកទឹកចិត្តពីថ្នាក់កណ្តាល ដល់ថ្នាក់ក្រោម ទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីទទួលបន្ទុកស្ថិតិ ហើយអ្វីដែលសំខាន់បំផុត គឺការវិនិយោគលើមនុស្ស ជាអាទិភាព ។ទី៦/ សូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន ។ទី៧/ស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សនិងបង្កើនមូលធនមនុស្សដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១និងសម្រាប់វិនិយោគលើឧបករណ៍-បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់មានគុណភាពល្អ និងរហ័សទាន់ពេល ៕
Post a Comment