សម្តេចធិបតីអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤
នារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុង ស្រុក និងការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារពិពិធកម្មផលិតផលសម្រាប់បម្រើការនាំចេញ និងការអនុវត្ត ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សជូនដល់អាជីវករ ពាណិជ្ជករនិងធុរជនក្នុងការទទួលបាននូវសេវាសាធារណៈនៃការចុះបញ្ជីអាជីវកម្ម។លើសពីនេះទៀតក្រសួងក៏បានបន្តការដាក់បញ្ចូលរាល់ឯកសារផ្លូវការពាក់ព័ន្ធនានានៅលើគេហទំព័រ របស់ក្រសួង និងការរៀបចំឱ្យមាន Call Center ដែលបង្កលក្ខណៈងាយស្រួលដល់សាធារណជន និងអ្នកទទួលសេវា ក្នុងការស្វែងរកព័ត៌មានសម្រាប់ចម្ងល់នានា ព្រមទាំងកាត់បន្ថយទាំងកម្រៃសេវា ពេលវេលា និងនីតិវិធី។ ក្រសួងក៏បានផ្តោតអាទិភាពលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការតាក់តែងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្មពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោង Go4eCAM ដើម្បីបង្កើតផ្សារខេមបូឌាត្រដ (CambodiaTrade)ជួយសហគ្រាសធុនតូចនិងមធ្យមបង្កើនឱកាសសេដ្ឋកិច្ច។ជាពិសេសថ្មីៗនេះក្រសួងបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជន និងអាជីវករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាតាមបណ្ដ ប្រទេសអាស៊ាន តាមរយៈ "ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗទាំងនោះ រួមមានដូចជាការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្តល់សេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទ ដ្ឋានច្បាប់ពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តន៍ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ទន្ទឹមនេះ ការលើកកម្ពស់សុខុមាលភាពជូនប្រជាជនតាមរយៈ ការរក្សាបាននូវស្ថិរភាពនិងសន្តិសុខស្បៀងដែលសមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៣នេះទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជិត៤៤ពាន់លានដុល្លារអាមេរិក។ជាពិសេសកំណើននៃការនាំចេញមានខ្ពស់ជាងនាំចូលពោលគឺតុល្យភាពពាណិជ្ជកម្មមានភាពវិជ្ជមាន។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងឡើងផងដែរថា បើទោះបីជាជួបពិភាក្សារយៈពេលខ្លីក៏ដោយក៏សម្ដេចតែងតែដាក់កម្មវិធីដើម្បីជួបជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគនានា។ សម្ដេចធិបតីបានបញ្ជាក់ថា«កន្លះម៉ោងក៏ដោយ ១៥នាទីក៏ដោយ តពីព្រឹកទល់យប់ៗដើម្បីជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនដែលមានសក្ដានុពលព្រោះបើយើងមិនជួបមិនលើកទឹកចិត្តគាត់ ទៅស្ដាប់នៅក្នុងវេទិកាល្អ ប៉ុន្តែអ្នកខ្លះអត់ចាប់អារម្មណ៍ទេ ចឹងយើងត្រូវតែដើរជួប»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «ដើរគោះទ្វារ បានន័យថាដើរទៅជួបផ្ទាល់ ដើរទៅចរចាផ្ទាល់។អីចឹងបានរាល់កិច្ចការងារ ដែលសម្តេចចេញទៅក្រៅប្រទេសប្រាប់ថាទាក់ម៉ូយនេះក្រៅពីរៀបចំវេទិកាធុរកិច្ចដែលផ្ដោតទៅលើសេដ្ឋកិច្ចជាមួយនឹងវិស័យឯកជននៅតាមប្រទេសនីមួយៗ ច្រើនក្រុមហ៊ុនខ្ញុំតែងតែដាក់កម្មវិធីជាប់ជាប្រចាំ»៕
Post a Comment