កម្ពុជា-ចិនឯកភាពលើបណ្តុះបណ្តាលធនធានមនុស្សការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានិងឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ ភាគីទាំង២បានឯកភាពរួមគ្នា លើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សនិងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះសម្តេចធិបតីក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថាកាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតីបានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង២រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិនដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដ ល់កង ទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ជារួម សម្តេចធិបតី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានធ្វើការគាំទ្រដល់សក ម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានាដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នារួមមានជាអាទិ៍ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម៕
Post a Comment