សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣។
|
|
សម្តេចមហាបរវធិបតីបានមានប្រសាសន៍បញ្ជាក់អំពីការជ្រើសរើសយកពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព»ព្រោះយើងយល់ថា គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជាក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់។ប៉ុន្តែគុណតម្លៃនេះពិតជាងាយណាស់នឹងត្រូវបានគេមើលរំលង។ក្នុងន័យនេះប្រសិនបើមិនមានសុខសន្តិភាពដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្តេចតេជោស្ថាបនិកមគ្គទេសក៏ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជា ប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ គ្រប់ៗរូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព,ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍពីបាតដៃទទេនោះទេ,យើងក៏នឹងមិនមានថ្ងៃដែលយើងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរហើយប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម។រីឯអ្នកជំនាន់ក្រោយក៏ប្រហែលជាមិនអាចរស់រានបាប្រកបដោយសុភមង្គលហើយអាចលេងកីឡាឬទស្សនាកីឡាយ៉ាងសប្បាយរីករាយ ដូចសព្វថ្ងៃនេះទ្បើយ ។ ដូច្នេះកីឡាពិតជារស់ក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀតទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក៏ដោយ។សម្តេចធិបតីបានបញ្ជាក់ថាទោះបីព្រឹត្តិការណ៍នេះ ទើបតែបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៣ ក៏ដោយក៏លទ្ធផលស្នាដៃកិត្តិយសនិងកិត្យានុភាពជាតិដែលបានកើតចេញមកហាក់ស្ថិតនៅថ្មីៗហើយនៅស្ថិតស្ថេរជានិច្ចនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។សម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានសម្រេចបាន ។ ព្រមទាំងបានកោតសរសើរបងប្អូនកីឡាករ-កីឡាការនីសិល្បករ-សិល្បការនីប្អូនៗយុវជនអ្នកស្ម័គ្រចិត្តក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលចូលរួមសហការយកកម្លាំងកាយចិត្ត និងពេលវេលា ញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធមនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។មួយវិញទៀតការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ក៏នឹងមិនអាចប្រព្រឹត្តឡើង បានឡើយ ប្រសិនមិនមានពហុកីឡដ្ឋានមរតកតេជោដ៏ធំស្កឹមស្កៃ និងជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋាននេះគឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងការជួយគាំទ្រពីរដ្ឋាភិបាលចិនក្នុងការកសាងពហុកីឡដ្ឋាននេះទ្បើងសម្រាប់ការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះ ផងដែរ ។ជាចុងក្រោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាន ធ្វើការអរគុណចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដែលបានរួមគ្នាដណ្តើមបានមេដាយគ្រប់ប្រភេទជាច្រើនពុំធ្លាប់ធ្វើបានពីមុនមក និងចំពោះកីឡាករ-កីឡាការិនីដទៃទៀត ទោះមិនបានមេដាយក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈ និងស្មារតីកីឡាអូឡាំពិក ដែលមិនរុញរាឬបោះបង់ចោលការប្រកួត។ការថ្លែងសម្តេចធិបតីបែបនេះនារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕
Post a Comment